ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ស្ពានអាកាសព្រះមុនីវង្សច្រមុះជ្រូកក្បាលថ្នល់ ដែលប្រសព្វនឹងមហាវិថីចំនួន៣ រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) គ្រោងបញ្ចប់ការសាងសង់នៅរយៈពេលបីខែខាងមុខ។
ការងារសាងសង់ស្ពាននេះបាន និងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំ និងគ្រោងបញ្ចប់ក្នុងដំណាក់កាលទី១ មុនកាលកំណត់។
ស្ពានអាកាសព្រះមុនីវង្សនេះ មានកម្ពស់២ជាន់ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ តាមការគ្រោងទុកនៅជំហានទី១ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ និងជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។
ការសាងសង់ស្ពានអាកាស ព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ ស្ថិតក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យនិង សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គ្រោងចំណាយថវិកា៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលវេលាសាងសង់ជាង៣០ខែ។គម្រោងស្ពានអាកាសព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។
ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គម្រោងរួមសាងសង់បានប្រមាណ៤៥ ទៅ ៥០ភាគរយ។ ក្នុងនោះជំហានទី១ ស្ថាបនាបាន៧៥ភាគរយ និងនៅសល់២៥ភាគរយ ដែលរួមមានការតភ្ជាប់ក្បាលស្ពាន ការដំឡើងធ្នឹមបេតុង ប្លង់សេ និងភ្លើងបំភ្លឺលើស្ពាន។ តាមគម្រោងនឹងបញ្ចប់នៅខែសីហា២០២៤ តែដោយសារមានការពន្លឿន អាចនឹងរួចរាល់នៅចុងខែមីនា ឬដើមខែមេសាឆ្នាំ២០២៤នេះ៕