តើតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរីពិតជាបន្តកើនឡើងដោយគ្មានដែនកំណត់ឬយ៉ាងណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាសែត Straits Times បានរាយការណ៍ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ លោក Desmond Lee មកថា តម្លៃលំនៅដ្ឋាន ក្នុងប្រទេសសិង្ហបុរី នឹងមិនបន្តកើនឡើង ដោយគ្មានដែនកំណត់នោះទេ ស្របពេលមានអត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃការផ្គត់ផ្គង់។

លោក Lee បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Straits Times ថា អត្រាការប្រាក់ត្រូវបានគេរំពឹងថា នឹងនៅតែមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរតទៅមុខទៀត។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា “អត្រាការប្រាក់ ដែលយើងមើលឃើញ គឺស្ថិតក្នុងចន្លោះពី៣,៧% ទៅដល់៤,៤% ដូច្នេះវានឹងជះផលប៉ះពាល់”។

លោក Lee បានមានប្រសាសន៍ឱ្យដឹងថា ប្រសិនបើទីផ្សារលក់បន្ត(Resale)នៅតែមានសន្ទុះ រដ្ឋាភិបាលនឹងត្រូវពិចារណាបង្កើនការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដើម្បីបន្តធ្វើឱ្យផ្ទះល្វែងប្រភេទBuild-to-Order មានតម្លៃសមរម្យនៅក្នុងតំបន់សំខាន់ៗ។លោក Lee បានអះអាងថា រដ្ឋាភិបាលក៏កំពុងស្វែងរកពេលវេលាដ៏ត្រឹមត្រូវ ដើម្បីលុបចោលច្បាប់ ដែលតម្រូវឱ្យម្ចាស់ផ្ទះឯកជនរង់ចាំអស់រយៈពេល១៥ខែ មុនពេលដែល ពួកគេអាចទិញផ្ទះល្វែងលក់បន្តប្រភេទ HDB បាន។ ផ្ទះល្វែងHDB សំដៅទៅលើផ្ទះដែលសាងសង់ដោយក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍(HBD)។

លោក Ken Foong អ្នកវិភាគនៅស្ថាប័ន Bloomberg Intelligence បានបញ្ជាក់នៅក្នុងកំណត់ត្រាថ្មីមួយថា តម្លៃផ្ទះឯកជនរបស់ប្រទេសសិង្ហបុរី អាចមានការប្រែប្រួលនៅឆ្នាំ២០២៤នេះ បន្ទាប់ពីបានកើនឡើង៦,៧% កាលពីឆ្នាំមុន។

លោកបានបន្ថែមថា “តម្លៃផ្ទះអាចនឹងត្រូវបានកំណត់ ដោយសា រការដំឡើងពន្ធប្រថាប់ត្រាលើអចលនទ្រព្យ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងអត្រាការប្រាក់ រួមជាមួយនឹងកំណើននៃការផ្គត់ផ្គង់ថ្មីបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here