ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ប្រភពព័ត៌មានគួរឲ្យទុកចិត្តមួយ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនចិនមួយនឹងបើកដំណើរការធនាគារមួយ ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ អាគារជាប់គាំងនៅខេត្តព្រះសីហនុ។
ប្រភពដដែលបានឲ្យដឹងទៀតថា ធនាគារនោះនឹងបើកដំណើរការឆាប់ៗនេះ ដោយបច្ចុប្បន្នធនាគារនេះបាន និងកំពុងរៀបចំនិតិវិធីច្បាប់ ដើម្បីបើកដំណើរការនាពេលខាងមុខនេះ។ ប្រភពដដែលបានបន្តថា អាគារជាប់គាំងនៅទីក្រុងនេះ ត្រូវការមូលនិធិជាច្រើន ដើម្បីសាងសង់ឡើងវិញ ពិសេសធ្វើឲ្យខេត្តនេះ មានសកម្មភាពរសរវើកឡើងវិញផងដែរ។
ខេត្តព្រះសីហនុ មានអគារជាប់គាំងរាប់រយ ដែលបានសាងសង់បញ្ចប់ និងមិនទាន់បញ្ចប់ការសាងសង់ជាង៣០០អាគារ ដែលនឹងសាងសង់បញ្ចប់ឡើងវិញនាពេលខាងមុខ។ព័ត៌មាននេះ ស្របនឹងការប្រកាសរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីសប្តាហ៍មុន។សម្តេចធិបតីហ៊ុន ម៉ាណែតបានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធស្ពានកោះយ៉ នៅខេត្តកោះកុងកាលពីថ្ងៃទី៨ មករាកន្លងមកថា កម្មវិធីគោលនយោបាយថ្មីនេះ គឺផ្តោតសំខាន់លើការជម្រុញសកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅក្រុងព្រះសីហនុ ឲ្យមានភាពរសរវើកឡើងវិញ។
សម្តេចបន្តថា “ឆ្នាំ២០២៤ជាឆ្នាំ សម្រាប់ជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសការដោះស្រាយបញ្ហា អាគារជាប់គាំងនៅក្នុងទីក្រុងនេះ”។
រដ្ឋាភិបាលដាក់ចេញនូវគោលការណ៍ចំនួន២ ទាក់ទងអាគារជាប់គាំងនៅក្រុងព្រះសីហនុ ដែលគោលការណ៍ទី១ គឺជម្រុញការសាងសង់អាគារដែលមិនទាន់ចប់ នឹងសាងសង់បញ្ចប់ និងទី២ អាគារសាងសង់ចប់រួចអាចនឹងធ្វើឲ្យមានសកម្មភាពវិនិយោគ ឬធុរកិច្ច។
នៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ននេះ មានអាគារ៣៦៤អាគារបានផ្អាកការសាងសង់ អាគារចំនួន១៧៧សាងសង់រួចតែមិនដំណើរការ អាគារ៥៣កន្លែងកំពុងដំណើរការសាងសង់ និងអគារចំនួន៤៧៥កន្លែងបានសាងសង់រួច និងកំពុងដំណើរការ។
នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩ ខេត្តព្រះសីហនុបានទាក់ទាញលំហូរទុនវិនិយោគពីបរទេស ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលភាគច្រើនជាគំរោងវិនិយោគរបស់ចិន។
ទោះជាយ៉ាងណាអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានបញ្ជាក់ថា លោកមិនបានដឹងព័ត៌មានទាក់ទង នឹងការបើកដំណើរការធនាគារ ដែលបានលើកឡើងខាងលើនេះនៅឡើយទេ៕