ដោយៈ គង់ សូរិយា
កំពតៈ អាគារភ្លោះកំពស់កប់ពពក នៅក្រុងកំពត ដែលជាគំរោងវិនិយោគរបស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុងនឹងមិនស្ថិតក្នុងសភាពជាប់គាំងទៀតទេ។
លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងស្ថាបត្យករកម្ពុជា និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃក្រុមហ៊ុននេះបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១១ មករាថា ការផ្អាកកន្លងមក មិនមែនជាបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ តែជាបញ្ហារបស់ក្រុមហ៊ុនដៃគូសហការ ដែលរងវិបត្តិដោយសារបញ្ហាជម្ងឺកូវីដ១៩ ប៉ុន្តែនៅពេលបញ្ហានេះចប់ ពួកគេក៏បានរងវិបត្តិខ្លួនឯងបន្តទៀត។លោកបន្តបញ្ជាក់ថា “នេះមិនមែនជាបញ្ហារបស់យើងទេ យើងមិនទុកអាគារនេះចោលឡើយ ក្រុមហ៊ុនកំពុងជ្រើសរើសក្រុមជាងដើម្បីចាប់ផ្តើមសាងសង់អាគារនេះឡើងវិញហើយ”។
តាមព័ត៌មានកន្លងមកបានបង្ហាញថា អាគារកប់ពពក ដែលស្ថិតនៅកណ្តាលក្រុងកំពតនេះ នឹងប្រើប្រាស់ជាខុនដូ អាផាតម៉ិន សណ្ឋា គារប្រណីត ក្លឹបកំសាន្តលំដាប់អន្តរជាតិ ការិយាល័យធ្វើការរបស់ក្រុមហ៊ុន និងសេវាកម្មចាំបាច់ដទៃទៀត។មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកំពស់៤៥ជាន់នេះ នៅពេលសាងសង់បញ្ចប់ នឹងជួយលើកកំពស់សក្តានុពលសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគបន្ថែមទៀតនៅក្នុងខេត្តកំពត ដែលមានសក្តានុពលលើវិស័យទេសចរណ៍ធម្មជាតិ និងសក្តានុពលលើផ្នែកសេដ្ឋកិច្ចដ៏សំខាន់ផងដែរ៕