ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន The Edge Malaysia បានចុះផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជួបជាមួយសមភាគីសិង្ហបុរី លោកLee Hsien Loong នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករាកន្លងមកនេះ។
កិច្ចប្រជុំនេះអាចត្រូវបានពិពណ៌នាថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅក្នុងទំនាក់ទំនងទ្វេរភាគី ខណៈប្រទេសជិតខាងទាំង២ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ចំពោះគម្រោងធំៗចំនួន២។
នៅពេលព្រឹក នាយករដ្ឋមន្ត្រីទាំង២ បានអញ្ជើញទៅទស្សនាគម្រោងខ្សែរថភ្លើងRapid Transit System (RTS) ដែលថ្នាក់ដឹកនាំទាំងពីរបានទទួលព័ត៌មានថ្មីៗ អំពីវឌ្ឍនភាពនៃគម្រោងតម្លៃ២,១៥ពាន់លានដុល្លារមួយនេះ។គម្រោង RTS Link គឺជាការតភ្ជាប់ផ្លូវរថភ្លើង ដែលមានចម្ងាយប្រហែល៤គីឡូម៉ែត្រ ដោយមានស្ថានីយចំនួនពីរ គឺស្ថានីយ Bukit Chagar ក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី និងស្ថានីយ Woodlands North នៅក្នុងប្រទេសសិង្ហបុរី។
ចំណែក ក្រុមហ៊ុន Mass Rapid Transit Corp Sdn Bhd (MRT Corp) ត្រូវបានប្រគល់ភារកិច្ច ក្នុងការអភិវឌ្ឍកំណាត់ផ្លូវដែក នៅក្នុងម៉ាឡេស៊ី ប្រវែង២,៧គីឡូម៉ែត្រ និងរចនាសម្ព័ន្ធផ្សេងៗដែលត្រូវការជាចាំបាច់។ទន្ទឹមគ្នានេះ ប្រតិបត្តិការផ្លូវដែក គ្រោងនឹងធ្វើឡើងរួមគ្នាដោយក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ Prasarana Malaysia Bhd និងក្រុមហ៊ុនដឹកជញ្ជូនសាធារណៈសិង្ហបុរី SMRT Corp Ltd.។
បន្ទាប់ពីបំពេញទស្សនកិច្ច ទៅកាន់គម្រោងខ្សែរថភ្លើងខាងលើ លោក Anwar និងលោក Lee ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍មួយផ្សេងទៀត ដើម្បីធ្វើជាសាក្សីលើការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់មួយស្តីពី តំបន់សេដ្ឋកិច្ចពិសេសJohor-Singapore។គំនិតបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានតាក់តែងជាលើកដំបូង ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡេស៊ី លោក Rafizi Ramli បន្ទាប់ពីកិច្ចប្រជុំ ជាមួយរដ្ឋាភិបាលរដ្ឋ Johor កាលពីខែឧសភា ឆ្នាំមុន ហើយបន្ទាប់ពីនោះ ប្រទេសទាំងពីរបានយល់ព្រមបោះជំហានមួយបន្ថែមទៀត ដោយបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខែកក្កដាកន្លងមក៕