ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានលើកឡើងពីទស្សនវិស័យ សេដ្ឋកិច្ចរបស់ឥណ្ឌា នៅឯកិច្ចប្រជុំកំពូលធុរកិច្ចដ៏សំខាន់មួយ នៅក្នុងរដ្ឋGujarat កាលពីថ្ងៃពុធទី១០ ខែមករា។
ក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅពេលក្រុមហ៊ុនខ្នាតយក្សចំនួន២ គឺក្រុមហ៊ុន Maruti Suzuki និងក្រុមហ៊ុន Adani បានបង្ហាញផែនការវិនិយោគ ដែលមានតម្លៃជិត៣០ពាន់លានដុល្លារអាមេរិក។
នៅឯកិច្ចប្រជុំកំពូល Vibrant Gujarat Global Summit លោក Modi បានថ្លែងថា ប្រទេសឥណ្ឌាជាមហាអំណាច សម្រាប់យុវជនដែលមានទេពកោសល្យ ជាមជ្ឈមណ្ឌលបច្ចេកវិទ្យា សម្រាប់ការស្វែងរកដំណោះស្រាយ និងជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ។លោកបានបន្តថា ប្រទេសឥណ្ឌា កំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
លោក Modi បានគូសបញ្ជាក់ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានបង្ហាញពីសន្ទុះ និងភាពធន់ ទោះបីជាមានបញ្ហាភូមិសាស្ត្រនយោបាយនៅជុំវិញពិភពលោកយ៉ាងណាក្តី។
លើសពីនេះ លោក Narendra Modi បានអញ្ជើញបណ្តាអ្នកវិនិយោគ ឱ្យចូលរួមជាផ្នែកមួយ នៃដំណើររីកចម្រើនរបស់ឥណ្ឌា ដោយលោកបន្ថែមថា “ការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងធំដូចក្តីស្រមៃរបស់អ្នក”។
ការថ្លែងបែបនេះរបស់លោក Modi បានធ្វើឡើង ខណៈការបោះឆ្នោតជាតិខិតជិតមកដល់ ដែលលោកនឹងឈរឈ្មោះនៅអាណត្តិទី៣បន្ថែមទៀត និងស្របពេលដែល ក្រុមហ៊ុនសកលកំពុងងាកមកកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន។
នៅមុនកិច្ចប្រជុំកំពូលខាងលើ រដ្ឋGujarat ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មកំពូលមួយរបស់ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគដំបូង ជាមួយក្រុមហ៊ុនចំនួន៥៨ ដែលមានតម្លៃសរុបចំនួន៨៦ពាន់លានដុល្លារអាមេរិក៕