ដោយៈ គង់ សូរិយា
ភ្នំពេញៈ ចំណតផែរណបពហុបំណងចំនួន៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) កាលពីថ្ងៃទី១២ មករាកន្លងមកនេះ។
ចំណតផែរណបពហុបំណងទាំង៣ទីតាំង ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាបាននិងកំពុងរួមចំណែក ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹងទិសដៅក្នុងការពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅកម្ពុជា។ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីចូលរួមសម្រេចឱ្យបានស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានដាក់ចេញនូវ ផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍ វិស័យកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីក មានភាពប្រកួតប្រជែង និងការផ្តល់សេវាមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពផងដែរ។
លោកក៏បានជម្រាបជូនអង្គពិធីដែរថា នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសិក្សារៀបចំផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹកទន្លេរជាមួយផ្លូវសមុទ្រ រួមទាំងមណ្ឌលអាជីវកម្មអាទិភាព សម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ។ទន្ទឹមនឹងនេះ ក្រោមកិច្ចសម្របសម្រួល របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាននិងកំពុងចូលរួមសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បីជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។
ចំណតផែរណបពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការសហការវិនិយោគរវាងក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ៤ហិកតា។ គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណង TS១១ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ដែក ថ្មម៉ាប ដំឡូងមី។ល។បច្ចុប្បន្ននេះ ចំណតផែរណបពហុបំណងTS១១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើឱ្យប្រតិបត្តិការលើកដាក់ទំនិញនិងកុងតឺន័រ និងស្ថិតនៅទីតាំង ដែលមានសក្តានុពលខ្ពស់សម្រាប់បម្រើឱ្យសេចក្តីត្រូវការ ប្រើប្រាស់របស់អតិថិជន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត ជាពិសេសចូលរួមចំណែកបានយ៉ាងច្រើន ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។
ចំពោះចំណតផែរណបពហុបំណងUM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា។គោលបំណងនៃការបង្កើតចំណត ផែរណបពហុបំណងUM២ ដើម្បីប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ចំណីសត្វ សសរគ្រឹះបេតុង ដែក កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ ចំណតផែរណបពហុបំណង UM២ ក៏ជាចំណតផែទន្លេដែលមានសក្តានុពលខ្ពស់ សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ នៅតំបន់ជុំវិញតាមដងទន្លេមេគង្គលើ ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស និងនាំចូលទំនិញពីខាងក្រៅមកចំណតផែរណបនេះវិញ។
បន្ថែមពីនេះ ចំណតផែរណបពហុបំណងនេះ នឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ និងការខូចខាតផ្លូវថ្នល់។ ដោយឡែកចំណតផែរណបពហុបំណងLM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា។ បច្ចុប្បន្នចំណតដែរណបពហុបំណងនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដោយប្រើប្រាស់ប្រភពទុនវិនិយោគផ្ទាល់របស់ក.ស.ភ.។
គោលបំណងនៃការបង្កើតចំណតផែ រណបពហុបំណង LM២៦ គឺដើម្បីបម្រើដល់ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ ដូចជា គ្រឿងសំណង់ ធ្យូងថ្ម ទំនិញកសិផល ដូចជា ស្រូវ អង្ករ ពោត ដំឡូងមី កៅស៊ូ ម្រេចជាដើម៕