ដោយ: គង់ លាងហួរ
អន្តរជាតិ: មហាសេដ្ឋីចិន លោក Chen Tianqiao បានជាប់ឈ្មោះនៅក្នុងបញ្ជី Land Report 100 ដែលជាជនបរទេស មានដីធ្លីច្រើនជាងគេទីពីរ និងជាម្ចាស់អចលនទ្រព្យធំជាងគេបំផុតទី៨២ នៅសហរដ្ឋអាមេរិក។
Land Report 100 គឺជាបញ្ជី ដែលចាត់ថ្នាក់បុគ្គល ដែលមានដីធ្លីច្រើនជាងគេទាំង១០០រូប នៅសហរដ្ឋអាមេរិក ដោយក្នុងនោះ រួមមានទាំងម្ចាស់ដីជាជនជាតិអាមេរិក និង ជនបរទេសផងដែរ។
យោងតាមរបាយការណ៍បានបង្ហាញថា កាលពីឆ្នាំ២០១៥ លោក Chen Tianqiao បានទិញដីក្នុងតំបន់ Oregon ចំនួន៨០.១២៧ហិកតា ពីក្រុមហ៊ុនវិនិយោគ Fidelity National Financial Ventures ដែលការណ៍នេះបានធ្វើឱ្យលោកជាប់ឈ្មោះក្នុងបញ្ជីខាងលើ។ចំណែកឯ ជនបរទេស ដែលមានដីធ្លីច្រើនបំផុតនៅអាមេរិក គឺគ្រួសារត្រកូល Irving មកពីប្រទេសកាណាដា ដែលមានដីធ្លីសរុបរហូតដល់ទៅ៥១៣.០៥៧ហិកតា។
កាសែត New York Post បានរាយការណ៍ថា លោក Chen និងភរិយារបស់លោក គឺលោកស្រី Chrissy Luo ក៏បានទិញភូមិគ្រឹះ Vanderbilt Mansion នៅផ្លូវ East 69th Street ក្នុងរដ្ឋ Manhattan ក្នុងតម្លៃ៣៩លានដុល្លារនៅឆ្នាំ២០១៨ និងភូមិគ្រឹះ Seeley Mudd Estate នៅជាយក្រុង Los Angeles ក្នុងតម្លៃ២៥លានដុល្លារកាលពីឆ្នាំ២០២១ផងដែរ។
លោក Chen Tianqiao បានឡើងឋានៈជាមហាសេដ្ឋី នៅឆ្នាំ១៩៩៩ ដោយលោកជាស្ថានិកក្រុមហ៊ុន Shanda Interactive Entertainment ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មហ្គេមអនឡាញរបស់ប្រទេសចិន។
ក្រោយមក លោក Chen បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនហ្គេមអនឡាញនេះ និងបានប្តូរទីតាំងក្រុមហ៊ុនវិនិយោគ Shanda Group ទៅកាន់ប្រទេសសិង្ហបុរី ជាទី ដែលលោកបានចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ តាមរយៈការបង្កើតក្រុមហ៊ុន Shanda World ។
គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Chen ត្រូវបានប៉ាន់ស្មានថា មានចំនួន១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយទស្សនាវដ្តី Forbes៕