ដោយ: គង់ លាងហួរ
ភ្នំពេញ: សំណង់អគារខុនដូខ្ពស់បំផុត ដែលស្ថិតនៅលើមហាវិថីហ៊ុន សែន បានបង្ហាញពីទិដ្ឋភាពថ្មី ក្នុងរាជធានីភ្នំពេញ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អ្នកអភិវឌ្ឍន៍ឆ្នើម ចំពោះការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពនៅកម្ពុជា។
អគារខុនដូខ្ពស់កប់ពពកនេះ ស្ថិតនៅក្នុងគម្រោង Urban Village ដំណាក់កាលទី២ ដែលមានកម្ពស់២០៣ម៉ែត្រ ដោយអ្នកអភិវឌ្ឍន៍បានរៀបចំពិធីអបអរសារទរ ការបញ្ចប់ការសាងសង់គ្រោងអគារ កាលពីថ្ងៃទី២១ ខែមករា។Urban Village គឺជាគម្រោងខុនដូដ៏ប្រណីត ដែលមានការទទួលស្គាល់ជាសាកល និងស្ថិតលើផ្ទៃដីទំហំ៧,៦ហិកតា។ គម្រោងខ្នាតយក្សនេះ ត្រូវបានអភិវឌ្ឍយ៉ាងល្អិតល្អន់ ដោយអ្នកអភិវឌ្ឍន៍ហុងកុង ដ៏លេចធ្លោជាងគេនៅកម្ពុជា គឺលោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុន Urban Hub និងលោកស្រី Cathrine Chan នាយកប្រតិបត្តិក្រុមហ៊ុន Urban Village & Factory Phnom Penh។
គម្រោងពិសេសមួយនេះ ទទួលបានការសាទរថា ជាគម្រោងបណ្តាក់ទុនលំដាប់ថ្នាក់ពិភពលោក ដែលជំរុញការកសាងសហគមន៍រស់នៅប្លែកៗ ដែលបំពាក់តុបតែងដោយបរិក្ខារទំនើបៗ និងរបៀបរស់នៅល្អបំផុត។លោកបណ្ឌិត Ben Li និងលោកស្រី Cathrine Chan បានថ្លែងថា “ព្រឹត្តិការណ៍ និងសមិទ្ធិផលដ៏សំខាន់នៃគម្រោង Urban Village ត្រូវបានវាយតម្លៃថា បានរួមចំណែកមកពីការគាំទ្រ និងការជឿទុក ចិត្តដែលផ្តល់ដោយអតិថិជន អ្នកវិនិយោគ និងដៃគូរបស់យើង”។
លោកបណ្ឌិតបន្តថា “យើងនឹងមិនអាចឈរនៅទីនេះបានទេ ប្រសិនបើគ្មានការជួយជ្រោមជ្រែង និងការគាំទ្រពីអ្នកទាំងនោះ”។លោកបន្ថែមថា “ដូច្នេះ យើងខ្ញុំសូមអរគុណអស់ពីចិត្ត សូមផ្សព្វផ្សាយសេចក្ដីស្រឡាញ់ ពីប្រទេសកម្ពុជាទៅកាន់ពិភពលោក”។ជាមួយគ្នានេះ លោកស្រី Cathrine Chan បានលើកឡើងថា“វាមិនមែនជាដំណើរងាយស្រួលនោះទេ។ វាមានការប្រែប្រួលចុះឡើងជាច្រើន”។ លោកស្រីបន្តថា “ដូច្នេះ“ខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំជាពិសេស សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ពួកគេ ដើម្បីឲ្យយើងអាចសម្រេចបាន នូវអ្វីដែលយើងមាននៅថ្ងៃនេះ”។
លោកស្រីបន្តថា “គម្រោងនេះមិនត្រឹមតែជាអាជីវកម្មរបស់យើងប៉ុណ្ណោះទេ។ ប៉ុន្តែគម្រោងនេះ ក៏ជាកម្មសិទ្ធិរបស់សហគមន៍ផងដែរ ហើយជារៀងរាល់ថ្ងៃ យើងកំពុងធ្វើអ្វី ដែលយើងអាចធ្វើបានដើម្បីធ្វើឱ្យសហគមន៍កាន់តែប្រសើរឡើង”។
លោកស្រីបញ្ជាក់ថា បានជាយើងជ្រើសរើសឈ្មោះ “ភូមិទីក្រុង ឬ Urban Village” ពីព្រោះយើងមានបំណង ធ្វើឱ្យគម្រោងនេះក្លាយជាកន្លែងដែលមនុស្សរស់នៅ ធ្វើការ និងលេងកំសាន្តជាសហគមន៍ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានភាពទំនើប ទាន់សម័យយ៉ាងឆាប់រហ័ស។លោកស្រីបន្ថែមថា “គម្រោង Urban Village ផ្តល់នូវកន្លែងមួយ ដែលក្រុមគ្រួសារអាចរីករាយ នឹងការរស់នៅបែបទំនើប និងអាចចូលរួមសកម្មភាពសហគមន៍ ដូចជាការតាំងពិពណ៌សិល្បៈ និងទីផ្សារចុងសប្តាហ៍ ក៏ដូចជាព្រឹត្តិការណ៍តាមរដូវកាលផ្សេងៗទៀតផងដែរ”។
តាមរយៈពិធីខាងលើនេះ អ្នកចូលរួមក៏មានឱកាស បានទស្សនាស្នាដៃរបស់វិចិត្រករសម័យទំនើប នៅតំបន់អឺរ៉ុប ក្នុងសតវត្សទី២០ រួមមាន លោក Pablo Picasso លោក Joan Miro លោក Sam Szafran និងវិចិត្រករជនជាតិចិនដ៏ល្បីល្បាញ គឺលោក Zao Wou-Ki។ ស្នាដៃទាំងនោះត្រូវបានដាក់តាំងពិពណ៌ ដោយវិចិត្រសាល Sra’Art នៅសាលតាំងបង្ហាញរបស់គម្រោង Urban Village។បន្ទាប់ពីបានបញ្ចប់ដំណាក់កាលទី១ ប្រកបដោយជោគជ័យ ដោយមានលំនៅដ្ឋានចំនួន៨២៨យូនីត គម្រោង Urban Village បានប្រារព្ធពិធីសម្ពោធ ការដ្ឋានសាងសង់ដំណាក់កាលទី២ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។
គម្រោង Urban Village ដំណាក់កាលទី២ គឺជាការអភិវឌ្ឍន៍ផ្តោតលើសហគមន៍ ដែលមានទីតាំងជាយុទ្ធសាស្ត្រ នៅចន្លោះមហាវិថី ហ៊ុន សែន និងផ្លូវជាតិលេខ២ និងលាតសន្ធឹងលើផ្ទៃដីទំហំ៧៦ម៉ឺនម៉ែត្រការ៉េ។ គម្រោងទាំងនេះតំណាងឱ្យតំបន់ ដែលមានថាមពល និងមានការវិវឌ្ឍលឿនជាងគេបំផុត នៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះផ្តល់នូវ ផ្ទះលំនៅដ្ឋាន និងអគារពាណិជ្ជកម្មល្អប្រណីត ព្រមទាំងមានតម្លៃសមរម្យផងដែរ។គម្រោង Urban Village ដំណាក់កាលទី២ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដ៏ល្អមួយ ដោយអាចតភ្ជាប់យ៉ាងរលូន ទៅកាន់កន្លែងធម្មជាតិដ៏ស្រស់ស្អាត និងមានចម្ងាយមិនឆ្ងាយប៉ុន្មាន ពីតំបន់កណ្តាលរាជធានីភ្នំពេញនោះឡើយ។ ជាងនេះទៅទៀត គម្រោង Urban Village បានទទួលពានរង្វាន់ជាង៣០ ជាពិសេសគឺពានរង្វាន់ “ខុនដូល្អបំផុតនៅតំបន់អាស៊ី” ដ៏ល្បីល្បាញនៅឯកម្មវិធី Asia Property Awards ។
ចំណែក កាលពីខែកក្កដា ឆ្នាំមុន គម្រោង Urban Village បានបំបែកកំណត់ត្រាថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់កិត្តិយសពីកម្មវិធី “ពានរង្វាន់សហគ្រិនអាស៊ីប៉ាស៊ីហ្វិក កំណត់ត្រាណូបែល លើកទី២០ ឆ្នាំ២០២៣”។
លោកបណ្ឌិត Ben Li បានអះអាងថា ការសម្រេចបានជោគជ័យក្នុងដំណាក់កាលទី១ និងទី២នៃគម្រោង Urban Village តំណាងឱ្យភាពរឹងមាំ នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងបានបង្ហាញថា និន្នាការក្នុងស្រុក ដែលពីមុនចូលចិត្តទិញអចលនទ្រព្យជាប់ផ្ទាល់ដី ឬ Landed property ត្រូវបានផ្លាស់ប្តូរ។លោកបណ្ឌិតបានបញ្ជាក់ឱ្យដឹងថា “សូម្បីតែក្នុងអំឡុងពេលមានការផ្ទុះរាតត្បាត នៃជំងឺកូវីដ-១៩យ៉ាងណាក្តី ក៏ប៉ុន្តែយើងនៅតែលក់ខុនដូបានជាង២០០០យូនីត”។ លោកបណ្ឌិតអះអាងថា “គម្រោង Urban Village នៅតែបន្តឆ្ពោះទៅមុខ ខណៈដែលរាជធានីភ្នំពេញ កំពុងឈានទៅក្លាយជាទីក្រុងដ៏សំខាន់មួយនៅតំបន់អាស៊ី”។
លោកបន្ថែមថា មនុស្សកាន់តែច្រើនឡើង ជាពិសេសប្រជាជន វណ្ណៈកណ្តាល កំពុងចង់បានរបៀបរស់នៅបែបទំនើប ដែលតម្រូវការសហសម័យទាំងអស់របស់ពួកគេ រាប់ចាប់តាំងពីសន្តិសុខ រហូតដល់ស្ប៉ា និងសួនកុមារ ត្រូវបានបំពេញជូន៕