លោកបណ្ឌិតសុខ ទូច បង្ហាញពីសារសំខាន់៧ចំណុចនៃគម្រោងព្រែកជីកហ្វូណនតេជោ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានមើលឃើញអំពីសារសំខាន់៧ចំណុច នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សានាពេលនេះ។

លោកថា ប្រសិនបើគម្រោងនេះ លេចចេញជារូបរាង នោះប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មិនត្រឹមតែវិស័យដឹកជញ្ជូននោះឡើយ។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធីពិភាក្សាមួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ លើប្រធានបទ “តើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់សេដ្ឋកិច្ច និងនយោបាយ ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ”។អត្ថប្រយោជន៍សំខាន់៧ចំណុច ដែលលើកឡើងដោយ លោកបណ្ឌិត សុខ ទូច រួមមានដូចជា ទី១ ការដឹកជញ្ជូនផលិតផល ដែលចំណេញជាការដឹកជញ្ជូនតាមរថភ្លើង និងរថយន្តកុងតឺន័រ ទី២ ការមិនពឹងច្រមុះអ្នកដទៃដើម្បីដក ទី៣ បង្ហាញតម្លៃជាប្រវត្តិសាស្ត្រនៅក្នុងសម័យដឹកនាំដោយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទី៤ ភាពអំណោយផលដល់វិស័យកសិកម្ម សម្រាប់ប្រជាជន ទី៥ អំណោយផលសម្រាប់ជីវៈចម្រុះ និងសត្វ។

ទី៦ ងាយស្រួលក្នុងការចាប់អ្នកវិនិយោគិន ដោយសារតែការចំណាយក្នុងការដឹកជញ្ជូនទាប និងទី៧ ការបង្កើតផ្លូវទឹកកាន់ច្រើនកាន់តែល្អ ដោយសារទឹកប្រៀបដូចជា សរសៃឈាមរបស់កម្ពុជាជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ជា​គម្រោ​ងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា។ ព្រែកជីកនេះ ចាបផ្តើមពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ១,៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here