តើទំហំបំណុល៣៤ទ្រីលានដុល្លារជះផលប៉ះពាល់បែបណាទៅលើសេដ្ឋកិច្ច អតិផរណា និងតម្លៃរូបិយប័ណ្ណអាមេរិកយ៉ាងដូចម្តេច? ដោយ: គង់ លាងហួរ

0

អន្តរជាតិ: ទិន្នន័យដែលចេញផ្សាយ ដោយក្រសួងរតនាគារអាមេរិក បានបង្ហាញថា គិតមកទល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បំណុលសាធារណៈ របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក បានកើនឡើងដល់កម្រិតលើសពី៣៤ទ្រីលានដុល្លារអាមេរិកជាលើកដំបូង។

តើបំណុលជាតិចំនួន៣៤ទ្រីលានដុល្លារ របស់សហរដ្ឋអាមេរិក អាចជះឥទ្ធិពលទៅលើសេដ្ឋកិច្ចដែរឬទេ? ។
យោងតាមការគណនាពីស្ថាប័នពាក់ព័ន្ធ  បានបង្ហាញឱ្យដឹងថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានហក់ឡើងលើសពី១២០ភាគរយនៃGDPរបស់ខ្លួន ដែលមានន័យថា ពលរដ្ឋអាមេរិកម្នាក់ៗនឹង ទទួលបន្ទុកបំណុល យ៉ាងតិចណាស់១០ម៉ឺនដុល្លារ  ដែលការណ៍នេះបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើសេដ្ឋកិច្ច និងសង្គមអាមេរិក ។កម្រិតបំណុលកាន់តែខ្ពស់ តាមរយៈការកាត់បន្ថយពន្ធ ឬការចំណាយរបស់រដ្ឋាភិបាល អាចធ្វើឱ្យអ្នកប្រើប្រាស់មានប្រាក់ច្រើនជាងមុន ដែលជំរុញឱ្យពួកគេចំណាយកាន់តែខ្ពស់ ដែលការណ៍នេះអាចបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។

ជាទូទៅ ក្រុមសេដ្ឋវិទូអះអាងថា “នៅពេលដែលពលរដ្ឋមានប្រាក់កាន់តែច្រើន ពួកគេទំនងជាចំណាយកាន់តែខ្ពស់ ហើយ​ការ​ចំណាយ​នោះ ​អាច​ជំរុញ​ឲ្យ​តម្លៃ​ទំនិញ​ហក់ឡើង​ថ្លៃ ព្រោះតម្រូវការ​ទំនិញ​កើនឡើង”។

តើបំណុលដ៏ច្រើនលើសលប់នេះ បណ្តាលមកពីបញ្ហាអ្វីខ្លះ?
ក្រុមអ្នកជំនាញ បានអះអាងថា ដើម្បីបំពេញឱនភាពថវិកា រដ្ឋាភិបាលអាមេរិក បានខិតខំប្រមូលហិរញ្ញប្បទាន តាមរយៈការបោះផ្សាយលក់ប័ណ្ណបំណុលជាតិ អស់រយៈពេលជាយូរយារណាស់មកហើយ។

បន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ សេដ្ឋកិច្ចអាមេរិក បានធ្លាក់ចុះដុនដាប ហើយ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលអាមេរិកបានបោះផ្សាយប័ណ្ណបំណុលជាតិជាច្រើន ដែលនាំឱ្យល្បឿនកំណើននៃបំណុលកើនលឿន ដោយនឹកស្មានមិនដល់។

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់អតិផរណា ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលបានបន្ថែមថ្លៃដើមទៅលើការសងបំណុល របស់រដ្ឋាភិបាលអាមេរិកមួយកម្រិតទៀត។ ទោះជាយ៉ាងណាក្តី ទំហំបំណុលអាមេរិក ត្រូវតែកើនឡើងដោយចៀសមិនរួច ស្របពេលដែលការចំណាយរបស់រដ្ឋាភិបាល កើនឡើង រីឯប្រាក់ចំណូលពន្ធដារបានថយចុះ។

អ្នកវិភាគបានលើកឡើងថា យោងតាមនិន្នាការបច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិក នឹងជំពាក់បំណុលបន្ថែមលើសពី២ទ្រីលានដុល្លារ ជារៀងរាល់ឆ្នាំ ។ ម្យ៉ាងវិញទៀត មជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា បញ្ហាបំណុលអាមេរិក នឹងកាន់តែអ័ព្ទអួរទៀត ស្របពេលដែលគណបក្សទាំង២ របស់សហរដ្ឋអាមេរិក គឺបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ កំពុងទាស់ទែងគ្នាលើបញ្ហាហិរញ្ញវត្ថុ និងការអនុម័តថវិកានៅក្នុងសភា។

តើតម្លៃប្រាក់ដុល្លារអាមេរិកអាចរងផលប៉ះពាល់ ពីការកើនឡើងនៃបំណុលសាធារណៈរបស់រដ្ឋាភិបាលដែរឬទេ?
នៅក្នុងបំណុលសរុបរបស់រដ្ឋាភិបាលអាមេរិក គេសង្កេតឃើញថា សមាមាត្រនៃបំណុលពីបរទេស គឺមានកម្រិតខ្ពស់ណាស់ ។ បំណុលអាមេរិក បានបំបែកកំណត់ត្រាថ្មីជាបន្តបន្ទាប់ ដែលនឹងជះផលប៉ះពាល់ដល់ទំនុកចិត្ត របស់វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ចអាមេរិក។

ប្រសិនបើអ្នកវិនិយោគកាត់បន្ថយ ឬលក់ចេញបំណុលអាមេរិក នោះតម្លៃប្រាក់ដុល្លារអាមេរិក នឹងប្រឈមការដាំក្បាលចុះ ថែមទាំងបង្កើនបន្ទុកសងបំណុល និងបង្កជាបញ្ហាដល់ការប្រមូលហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាមេរិកផងដែរ។

នៅក្នុងបរិបទនៃវិបត្តិបំណុល បក្សទាំងពីររបស់អាមេរិក នៅតែខ្វែងគំនិតគ្នា ជុំវិញបញ្ហាថវិកាដដែល ហើយប្រសិនបើមិនអាចឈានដល់គំនិតឯកភាពរួមទេ នោះរដ្ឋាភិបាលអាមេរិក ប្រហែលជាអាចប្រឈមមុខ នឹងការបិទដំណើរការម្តងទៀតនៅពេលណាមួយ ។

ប្រសិនបើករណីនេះកើតឡើងមែន នោះមន្ត្រីជាច្រើននាក់ ដែលធ្វើការក្នុងជួររដ្ឋាភិបាល នឹងត្រូវបង្ខំឱ្យឈប់សម្រាក ដោយគ្មានប្រាក់ខែ ឬពន្យារពេលបើកប្រាក់ខែ ដែលប៉ះពាល់់ដល់ជីវភាពរស់នៅរបស់ប្រជាជនអាមេរិកផ្ទាល់តែម្ដង។

ក្តីបារម្ភដ៏ធំមួយទៀតនោះគឺថា នៅពេលដែលបំណុល និងអត្រាការប្រាក់បន្តកើនឡើង រដ្ឋាភិបាលអាមេរិក នឹងកាត់បន្ថយការផ្តល់មូលនិធិដល់កម្មវិធីនានាដូចជា សន្តិសុខសង្គម និង Medicare ជាដើម។

តើបញ្ហាបំណុលអាមេរិក អាចជះផលប៉ះពាល់ដល់ទីផ្សារពិភពលោកដែរឬទេ?
បើក្រឡេកមើលទៅលើទិដ្ឋភាពជាអន្តរជាតិ បានបង្ហាញថា ដោយសារប្រាក់ដុល្លារអាមេរិក គឺជារូបិយវត្ថុបម្រុងទុក និងជារូបិយវត្ថុស្តេច ក្នុងពាណិជ្ជកម្មរបស់ពិភពលោក ដូច្នេះកាលណាដែលសហរដ្ឋអាមេរិក ជំពាក់បំណុលច្រើនលើសកម្រិត និងមិនទទួលរងការដាក់កំហិត នោះវានឹងបណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុ អន្តរជាតិមានភាពរង្គោះរង្គើ ក៏ដូចជាបង្កផលប៉ះពាល់ ដល់សេដ្ឋកិច្ចសកលផងដែរ។

លើសពីនេះ បញ្ហាវិវាទដ៏សែនជ្រៅ នៃសេដ្ឋកិច្ចអាមេរិក នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដែលការណ៍នេះបណ្តាលឱ្យវិបត្តិបំណុលកើតឡើង ម្តងហើយម្តងទៀត ដែលមិនត្រឹមតែនាំមកនូវហានិភ័យ និងភាពចលាចល ដល់សង្គមអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ ភាពមិនប្រាកដប្រជាកាន់តែខ្លាំង ដល់ពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here