ផ្សារដើមគរថ្មី នឹងក្លាយជាមជ្ឈមណ្ឌលបោះដុំកសិផលធំជាងគេ នៅកម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ  ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មីនឹងបើកដំណើរការនៅពេលឆាប់ៗនេះ បន្ទាប់ពីបានបើកដំណើរការសាងសង់នៅក្នុងឆ្នាំ២០២២។

ផ្សារដើមគរថ្មី នឹងក្លាយជាផ្សារបោះដុំផលិតផល កសិកម្មដ៏ជាងគេនៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ផ្សារដើមគរថ្មី ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដី៣០ហិកតា ដែលស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បច្ចុប្បន្នផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មីត្រូវបានសាងសង់រួចរាល់ ក្នុងដំណាក់កាលទី១ ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ស្តង់។ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់នាអំឡុងពាក់កណ្តាលឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក Xie Luping អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ នៅក្នុងពិធីចុះហត្ថលេខា ដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨ មករា ម្សិលមិញនេះ។លោក Xie Luping បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ផ្សារនេះ នឹងជួយជំរុញយ៉ាងខ្លាំង ដល់ពាណិជ្ជកម្មកសិផលរវាងប្រទេសកម្ពុជា ប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាមួយផលិតផលកសិកម្មដ៏សម្បូរបែប ដែលមានគុណភាព និងអនាម័យ។

លោកបន្តថា “ការផ្ទុកទំនិញ និងការដឹកជញ្ជូនលឿន និងងាយស្រួល បរិយាកាសទិញទំនិញក៏មានភាពល្អប្រសើរ”។

លោក Xie Luping បានឱ្យដឹងទៀតថា ចិននឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ ដើម្បីនាំយកកសិផល និងទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដល់ប្រជាជនប្រទេសទាំងពីរ និងជំរុញឱ្យកសិផលជាច្រើនរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ។លោក Xie Zhan ប្រធានសភាពាណិជ្ជកម្មខេត្ត គ័ងស៊ី-កម្ពុជា មានប្រសាសន៍ថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូល និងនាំចេញកសិផល និងស្ថេរភាពនៃខ្សែរសង្វាក់ផ្គត់ផ្គង់ បង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជា។ ជាពិសេស ផ្សារ​​បោះដុំអាស៊ាន-អន្តរជាតិ នឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប តាមរយៈការរៀបចំផ្សារឱ្យមានស្ដង់ដារ ទំនិញមានគុណភាព និងតម្លៃសមរម្យ ដែលនឹងធ្វើឱ្យកម្រិតពាណិជ្ជកម្ម ទីផ្សារលក់ដុំដ៏ធំនៅភ្នំពេញមានភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here