ដោយ: គង់ លាងហួរ
អន្តរជាតិ: អាកាសយានដ្ឋាននៃប្រទេសថៃ (AOT) បានដាក់ចេញផែនការសាងសង់ ចំណតសម្រាប់យន្តហោះចុះចត នៅលើផ្ទៃទឹកសមុទ្រដំបូងគេបង្អស់ នៅក្នុងប្រទេសរបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិភូកេត។
AOT បានអះអាងថា ការសាងសង់ចំណតយន្តហោះថ្មីនេះ នឹងជួយបំពេញការកើនឡើងនៃតម្រូវការ ក្នុងវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ ដូចជា នៅក្នុងប្រទេសដែនកោះម៉ាល់ឌីវ។
យោងតាមសារពត៌មាន The Nation បានចុះផ្សាយថា ការសិក្សាមួយកំពុងត្រូវបានធ្វើឡើង សម្រាប់គម្រោងនេះ ដែលមានគោ លបំណងជំរុញភ្ញៀវទេសចរ ពីខេត្តភូកេត ទៅកាន់កោះ និងឆ្នេរក្នុងតំបន់ Andaman ព្រមទាំងពង្រីកសមត្ថភាព ព្រលានយន្តហោះផងដែរ។ចំណែកឯការសិក្សាព័ត៌មានលម្អិតនៃគម្រោង និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) គ្រោងនឹងបញ្ចប់នៅឆ្នាំនេះ។ ចំណែក ការដេញថ្លៃ សម្រាប់ការសាងសង់ចំណត ស្ថានីយយន្តហោះចុះចតលើផ្ទៃទឹក គ្រោងនឹងរៀបចំធ្វើឡើងនៅដើមឆ្នាំ២០២៥ខាងមុខ។
លោក Visanu Prasattongosoth ប្រធាន AOT បានមានប្រសាសន៍ឱ្យដឹងថា “គម្រោងនេះ នឹងក្លាយជាចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រដំបូងគេបង្អស់ នៅក្នុងប្រទេសថៃ ដែលនឹងពង្រីកវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ”។លោក Visanu បានបន្តថា ខេត្ត Phang-Nga និងកោះ Samui របស់ប្រទេសថៃ ក៏ជាទីតាំងដ៏ស័ក្តិសម សម្រាប់សាងសង់ចំណតយន្តហោះចុះចត នៅលើផ្ទៃសមុទ្រផងដែរ ដោយសារភ្ញៀវទេសចរនិយមចូលចិត្ត ទៅកំសាន្តនៅតំបន់ទាំងនេះច្រើនណាស់។
លោកបានបន្ថែមថា ចំណតសម្រាប់យន្តហោះចុះចត លើផ្ទៃសមុទ្រនេះ អាចជំរុញឱ្យភ្ញៀវទេសចរកាន់តែច្រើន ធ្វើដំណើររវាងរម ណីយដ្ឋានភូកេត និងឈូងសមុទ្រដូចជាកោះ Samui ប៉ាតាយ៉ា និងហួហ៊ីនជាដើម៕