ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ កម្ពុជានឹងរៀបចំពិព៌ណគ្រឿងអលង្ការ និងត្បូងមានតម្លៃដ៏ធំ ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ អន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី២១ ដល់ទី២៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ
ពិព៌ណនេះ ក្រៅពីតាំងបង្ហាញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ក៏មានការរៀចចំកម្មវិធីធំៗជាច្រើនផងដែរ ពិសេសមានការប្រកួតបវរកញ្ញាមកុដឯក ដែលពិធីនេះនឹងមានការអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីលោកជំទាវពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត និងបណ្តារដ្ឋមន្រ្តីមកពីក្រសួងពាក់ព័ន្ឋជាច្រើនផងដែរ។
លោកបណ្ឌិតឆាយ ស៊ីណាត ប្រធានស្តីទីសមាគមពាណិជ្ជករ និងត្បូងមានតម្លៃ បានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ មករា ថា “ពិព៌ណនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគផងដែរ”។លោកបន្តថា “ពិព៌ណនេះ ជាការអភិវឌ្ឍន៍ និងបង្ហាញពីគុណភាពគ្រឿងអលង្ការកម្ពុជា ពិសេសយើងចង់ឲ្យអាជីវករលក់គ្រឿងអលង្ការចូលរួមគ្នាជាធ្លុងមួយ និងឲ្យអតិថិជនបានយល់ច្បាស់ពីសក្តានុពល និងការកែឆ្នៃគ្រឿងអលង្ការនៅកម្ពុជា”។
ជាមួយគ្នានេះ លោកជំទាវតាន់ ទេវីកណ្ណិកា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងផងដែរថា បានកោតសរសើរសមាគមពាណិជ្ជករគ្រឿងអលង្ការ ដែលបានរៀបចំកម្មវិធីពិព៌ណកន្លងមក ដើម្បីរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់កម្ពុជា។លោកជំទាវបន្តថា “ការខិតខំប្រឹងប្រែងរបស់អាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ បានធ្វើឲ្យការនាំចូលផលិតផលនេះថយចុះ ប៉ុន្តែការនាំចេញរបស់កម្ពុជាវិញ បានកើនឡើងក្នុងរង្វង់ជាង២០០ភាគរយ នៅលើទីផ្សារអន្តរជាតិ”។
ចំណែកលោកជំទាវឡង់ សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ការីកចម្រើនរបស់សមាគមនេះក្នុងភាពយូរអង្វែង និងបានរៀបចំពិព៌ណជាច្រើនលើកមកហើយ គឺដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងដោយសារគោលនយោបាយដឹកនាំ ដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។លោកជំទាវបន្តថា “សមិទ្ឋផលទាំងអស់នេះ បានមកពីអ្វី គឺការអរគុណសន្តិភាព ដែលមានសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលោកជាស្ថាបនិកសន្តិភាព និងបានលះបង់កំលាំងកាយចិត្ត និងអាយុជីវិតដើម្បីប្តូរយកសន្តិភាព”។
ចំណែកលោកជំទាវអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានជម្រុញឲ្យអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញអាជីវករនានាបានដឹង និងចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើន។លោកជំទាវបានបន្តថា កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដែលធ្វើឲ្យយើងមានទីផ្សារឲ្យបានកាន់តែទូលំទូលាយ ហើយសមាគមពាណិជ្ជករគ្រឿងអលង្ការ គួរតែសិក្សាលើកាលានុវត្តន៍ភាពនេះ ដើម្បីពង្រីកការនាំចេញទៅក្រៅប្រទេស។
លោកជំទាវអ៊ឹង កន្ថាផាវី បានបន្តថា “វិស័យគ្រឿងអលង្ការកម្ពុជា មានសក្តានុពលរីកចម្រើន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋ”។ កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃទៅកាន់ទីផ្សារ ក្រៅប្រទេសជាង៨០០លានដុល្លារអាមេរិក៕ព្រឹត្តិការណ៍ពិពណ៌ប្រចាំឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីសំខាន់ៗ ភ្ជាប់ជាមួយជាច្រើនដូចជា សិក្ខាសាលា ជំនួបពិភាក្សា លើការងារគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កម្មវិធីកំសាន្ត និងសម្មភាពសហប្រតិបត្តិការ រួមទាំងការជំរុញធុរកិច្ចផ្សេងៗទៀត៕