ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មានដ៏ល្បីល្បាញ CNN ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា ថា ប្រទេសអារ៉ាប់រួម(UAE) ទើបតែបានបង្ហាញនូវអច្ឆរិយវត្ថុផ្នែកស្ថាបត្យកម្ម ដែលបំបែកកំណត់ត្រាចុងក្រោយបង្អស់របស់ខ្លួននៅលើពិភពលោក។
ប្រទេសអារ៉ាប់មួយនេះ បានសាង់សង់អគារខ្ពស់កប់ពពកជាច្រើន នៅក្នុងប្រទេសរបស់ខ្លួន ដូចជា អគារ Burj Khalifa អគារ Marina 101 Tower អគារ Princess Tower និងសំណង់អគារជាច្រើនទៀត ដែលសុទ្ធតែល្បីល្បាញទៅទូទាំងពិភពលោក។
នៅពេលនេះ ប្រទេសអារ៉ាប់រួមបានចាប់ដៃគូ សហការជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ London Gate ដើម្បីសាងសង់អគារបំបែកកំណត់ត្រាមួយទៀត នៅទីក្រុងឌូបៃ ដែលមានឈ្មោះថា The Aeternitas Tower។The Aeternitas Tower នឹងក្លាយជាអគារប៉មលំនៅដ្ឋាន ដែលមានបំពាក់នាឡិកា ដ៏ខ្ពស់បំផុតនៅលើពិភពលោក។ អគារ The Aeternitas Tower មួយនេះ មានកម្ពស់រហូតដល់ទៅ១.៤៧៦ហ្វីត ឬស្មើនឹង៤៥០ម៉ែត្រឯណោះ។
អគារ The Aeternitas Tower នឹងមានកម្ពស់ខ្ពស់ជាងអគារនាឡិកា Big Ben នៅទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេសជាង៤ដង និងខ្លីជាងអគារលំនៅដ្ឋាន The Central Park Tower នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រឹមតែ២២ម៉ែត្រប៉ុណ្ណោះ។ក្រោយបើកសម្ពោធនៅឆ្នាំ២០២៧ អគារ The Aeternitas Tower នេះនឹងក្លាយទៅជាប៉មនាឡិកាខ្ពស់ជាងគេបំផុតទី២ របស់ពិភពលោក បន្ទាប់ពីអគារនាឡិកា Makkah Clock Royal Tower នៅក្នុងទីក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
លទ្ធផលនៃការសាងសង់អគារ The Aeternitas Tower កើតចេញពីភាពជាដៃគូ រវាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ឈ្មោះថា London Gate និងក្រុមហ៊ុនផលិតនាឡិកាប្រណីតរបស់ប្រទេសស្វីស ដែលមានឈ្មោះថា Franck Muller ៕