គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញរំពឹងបើកការដ្ឋានឆ្នាំនេះ

0

        ដោយៈ គង់ សូរិយា

        កំពតៈ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៣ តភ្ជាប់ពីខេត្ត កំពត​-វាលរេញ ​ប្រវែង​២០​គីឡូម៉ែត្រ រំពឹងបើក​ការដ្ឋាន​សាងសង់នៅឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានថវិកាកម្ចីពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រីមបានមានប្រសាសន៍ឲ្យដឹងថា គម្រោងផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ​ ត្រូវការសិក្សាឱ្យបាន​ច្បាស់លាស់ និងជជែកលម្អិតពីរបៀប​សាងសង់ ជៀសវាងធ្វើរួចហើយខូចវិញ។

លោកបានបញ្ជាក់ថា ​តាមការសិក្សាកំណាត់ផ្លូវនេះ កន្លែងខ្លះដីស្អុយនៅខាងក្រោមពី៥ ទៅ​១៤ម៉ែត្រ ដែលទាមទារ​ការសាងសង់ម៉ត់ចត់បំផុត។ក្រសួងសាធារណការ បានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេស​បុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍។

លោកបន្តថា ក្រសួង​សាធារណការ ​កំពុងពិភាក្សាពីតម្លៃ នៃការសាងសង់ ​ហើយរំពឹងថា នឹងបានថវិកាកម្ចីពីប្រទេសចិន ​​មកសាង​សង់ក្នុងឆ្នាំនេះហើយ ប៉ុន្តែលោកមិនទាន់បញ្ជាក់ ពីពេលវេលាជាក់លាក់នៅឡើយទេ។​កន្លងមក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​បានណែនាំឲ្យក្រុមការងារគម្រោង សហ​ការជាមួយក្រុម​ហ៊ុន​ទទួលសិទ្ធិ​សាងសង់ រៀបចំការងារជួសជុលថែទាំបន្ទាន់ ដើម្បីធានាការធ្វើចរាចរណ៍​បណ្តោះ​អាសន្ន។ជាមួយគ្នានេះ លោកបូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានជួយជួសជុលកំណាត់ផ្លូវនេះ នៅត្រង់ចំណុចត្រពាំងល្ពៅ ឆ្ពោះទៅវាល​រេញ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។

លោកបញ្ជាក់ថា “បច្ចុប្បន្នការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានការហុយដីបន្តិច ដោយសារជាផ្លូវដី ប៉ុន្តែតួផ្លូវមិនមានសំបុកមាន់ធំៗ ដូចពេលមុនទេ”។

កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោក បានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន៣៤ គីឡូម៉ែត្ររួចហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here