ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំលើកទី៦ ក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំ “ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
កិច្ចប្រជុំនេះបានដឹកនាំដោយលោកបណ្ឌិតផាន់ ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួម ពីក្រុមការងារបច្ចេកទេសអន្តរក្រសួង ពាក់ព័ន្ធ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះមាន ដូចជា ទី១ បានពិភាក្សា និងផ្តល់យោបល់ទៅលើសេចក្តីព្រាងផែនការមេ ជាភាសាខ្មែរនៃផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង, និងទី២ ធ្វើបច្ចុប្បន្នភាព សមាសភាពសមាជិក-សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង។
លោកជំទាវកុយ សុដានីបានថ្លែងអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំនេះ ដោយបានលើកឡើង៨ចំណុចរួមមាន (១) ការរៀបចំទម្រង់ឱ្យស្រប ទៅតាមការណែនាំរបស់ទីស្តីការគណៈរដ្ឋមន្រ្តី (២) រៀបចំឱ្យមានផ្នែកអក្សរកាត់ (Abbreviation) របស់ផែនការមេ (៣) ការពន្យល់នូវនិយមន័យ របស់វាក្យសព្ទបច្ចេកទេស (៤) ការប្រើប្រាស់ពាក្យបច្ចេកទេស ឱ្យមានសង្គតិភាពពីដើមរហូតដល់ចប់។
(៥) ការពិនិត្យឡើងវិញនូវអក្ខរាវិរុទ្ធ, (៦) ការចេញដាក់នូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧, (៧) ការប្រើប្រាស់ពាក្យឱ្យមានភាពផ្សារភ្ជាប់គ្នា រវាងពាក្យដឹកជញ្ជូន និងភស្តុភារកម្ម ឬឡូជីស្ទីកជាមួយគ្នា និង (៨) ការរៀបចំផែនកាមេនេះ ត្រូវឱ្យបានសមស្របគ្នា ជាមួយផែនការមេគ្រប់ជ្រុងជ្រោយស្តីពី “ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលមានកំណត់នូវច្រករបៀងដឹកជញ្ជូនមេចំនួន៣ គឺ ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-បាវិត, ភ្នំពេញ-ប៉ោយប៉ែត និងច្រករបៀងដឹកជញ្ជូនរងចំនួន៣ គឺខេត្តកោះកុង-កែប, ភ្នំពេញ-ស្ទឹងត្រែង, ប៉ោយប៉ែត-អូរយ៉ាដាវ៕