ខេត្តកំពតមានរមណីយដ្ឋាន និងមណ្ឌលកម្សាន្តទាក់ទាញចំនួន៣៩ និងព្រែកចំនួន១៣កន្លែង

0

ដោយៈ គង់ ហ្វីអូណា

        កំពតៈ ខេត្តកំពត ជាមូលដ្ឋានសំខាន់មួយ ដែលបណ្តុំដោយសក្តានុពលទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តដ៏គួរឲ្យស្ញប់ស្ញែង និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបានមានប្រសាសន៍ ក្នុងពេលដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការរៀបចំការផ្សព្វ​ផ្សា​យអំពីសក្តានុពល ទេសចរណ៍ក្នុងខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ជាផ្នែកមួយសម្រាប់ឱ្យភ្ញៀវទេសចរបានដឹង ពីរមណីយដ្ឋាននានាក្នុងខេត្ត ក៏ដូចជាទាក់ទាញទេសចរឱ្យមកកម្សាន្ត ក្នុងខេត្តកាន់តែច្រើន។

លោកបន្តថា ខេត្តកំពត មានរមណីយដ្ឋាន និងមណ្ឌលកម្សាន្តដែលទាក់ទាញចំនួន៣៩កន្លែង ព្រែកចំនួន១៣កន្លែង ហើយតំបន់ទេចរណ៍ក្នុងខេត្តបានចែកចេញជាបីផ្នែក ដែលផ្នែកទី១ គឺតំបន់ភ្នំ ចង្កេះភ្នំ។ ផ្នែកទី២គឺ តំបន់បឹង ព្រែក និងផ្នែកទី៣គឺ តំបន់ឆ្នេរ និងមាត់សមុទ្រ។ កំពត គឺជាខេត្តមួយដែលមានសំណង់ បេតិកភណ្ឌជាច្រើន ដែលបានបន្សល់ទុក ពីជំនាន់សង្គមនិយមបារាំង ដែលសំណង់ខ្លះមានអាយុកាលជាង១០០ឆ្នាំ ដែលនេះជាផ្នែកមួយដែលបានទាក់ទាញទេសចរបរទេស ឱ្យមកសម្រាកកម្សាន្តក្នុងខេត្ត។
មួយវិញទៀត ប្រសិនបើវិស័យទេសចរណ៍នេះ ដំណើរការល្អ នឹងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែប្រសើឡើង។

លោកអភិបាលខេត្តម៉ៅ ធនិនបានបន្តថា ការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ជាផ្នែកមួយ ដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេស​ចរឱ្យមកកម្សាន្តក្នុងខេត្ត ហើយបានដឹងអំពីប្រវត្តិកាល នៃរមណីយដ្ឋាន និងតំបន់ទេសចរណ៍នីមួយៗ ព្រមទាំងអាចនាំចំណូលចូលដល់ដៃប្រជាពលរដ្ឋក្នុងខេត្ត ដែលរស់នៅក្បែរតំបន់ទេសចរណ៍ ក៏ដូចជាពលរដ្ឋដែលប្រកបរបរលើវិស័យនេះ។

ខេត្តកំពត វិស័យទេសចរណ៍ ជាវិស័យមួយដែលបានជួយសម្រួ​ល និងធ្វើឱ្យជីវភាពពលរដ្ឋ ក្នុងខេត្តមានភាពល្អប្រសើ ហើយក៏ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិមួយផ្នែកផងដែរ។ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសក្តានុពលទេសចរណ៍ក្នុងខេត្តមួយនេះ។

លោក ម៉ៅ ធនិន ក៏បានបង្ហាញអំពីចក្ខុវិស័យ ទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ដែលផ្តោតសំខាន់លើការអភិវឌ្ឍផង និងអភិរក្សផង ហើយអ្វីដែលនឹងធ្វើបន្តទៅមុខទៀតនោះគឺ ការកែច្នៃព្រែកទាំង ១៣ ឱ្យក្លាយទៅជាកន្លែងកម្សាន្តដ៏ទាក់ទាញ រួមនឹងការបង្កើតឱ្យមានឆ្នេរសមុទ្រមួយ ក្នុងខេត្តដែលស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរលេងកម្សាន្ត ព្រមទាំងបង្កើនសោភណ្ឌភាព នៅតាមតំបន់ទេស​ចរណ៍ដែលមានស្រាប់ផងដែរ។

លោកបានបញ្ជាក់ថា “ចក្ខុវិស័យរបស់លោក ក្នុងការដឹកនាំខេត្តនេះ សំដៅទៅលើផលប្រយោជន៍ជាតិ និងប្រជាជន ហើយរាល់ការអភិវឌ្ឍផ្សេងៗ សំដៅធ្វើយ៉ាងណាឱ្យចំណូលរបស់ពលរដ្ឋ ក្នុងខេត្តមានកំណើន GDP កើនឡើងខ្ពស់ ជីវភាពពលរដ្ឋធូរធារ”។លោកបន្តថា “ការអភិវឌ្ឍទាំងនោះមិនមែន ដើម្បីតែផលប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តកំពតនោះទេ ​ដើម្បីផលប្រយោជន៍ពលរដ្ឋទូទាំងប្រទេ​ស ក៏ដូចជាភ្ញៀវទេសចរបរទេសទូទាំងពិភពលោក”៕

រំសាយអារម្មណ៍ _ រមណីយដ្ឋានធម្មជាតិម្លេចខេត្តកំពត - TNAOTBokor National Park Private Day Trip from Phnom Penh

LEAVE A REPLY

Please enter your comment!
Please enter your name here