អត្រាការិយាល័យដែលទុកនៅទំនេរចោលគ្មានអ្នកជួលនៅសហរដ្ឋអាមេរិកបានហក់ឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អត្រាអគារការិយាល័យ ដែលទុកនៅទំនេរចោលគ្មានអ្នកជួលនៅសហរដ្ឋអាមេរិក បានកើនឡើងដល់១៩,៦ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលជាអត្រាខ្ពស់បំផុត មិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។

ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមក អត្រាអគារការិយាល័យទំនេរប្រចាំត្រីមាសដែលខ្ពស់បំផុត ស្ថិតក្នុងរង្វង់ត្រឹម១៩,៣ភាគរយ​។ ជាមធ្យម មុនផ្ទុះវិបត្តិជំងឺកូវីដ-១៩ អត្រាអគារការិយាល័យទុកទំនេរចោល ស្ថិតក្នុងរង្វង់ប្រហែល១៦,៨ភាគរយ។

ប៉ុន្តែបន្ទាប់ពីនោះមក វិបត្តិជំងឺកូវីដ-១៩ បានបង្កើនអត្រាការិ​យាល័យទំនេរ ដោយអាជីវកម្មជាច្រើន ត្រូវការបន្ទប់ការិយាល័យតិចជាងមុន ខណៈបុគ្គលិកអាចធ្វើការពីចម្ងាយបាន។Offices Around America Hit a New Vacancy Record - WSJទោះបីជាវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញយ៉ាងណាក្តី ក៏ការជួលបន្ទប់ការិយាល័យ ហាក់មិនសូវចាំបាច់ទៀតឡើយ ដោយ​សា​របុគ្គលិកបានស៊ាំ ទៅនឹងរបៀបនៃការធ្វើការងារពីចម្ងាយ។

ចំពោះបុគ្គលិកភាគច្រើន ដែលបំពេញការងារ ក្នុងការិយាល័យ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាចចំនួន៥ថ្ងៃ ក្នុងមួយសប្តាហ៍ ត្រូវបានជំនួសមកវិញដោយការធ្វើការងារពីផ្ទះ។

យោងតាម​ទីភ្នាក់ងារវាយតម្លៃ Moody’s បានឱ្យដឹងថា និន្នាការខាងលើនេះ បានធ្វើឱ្យការផ្គត់ផ្គង់អគារការិយាល័យ កើនលើសតម្រូវការ។

ការកើនឡើងនៃអត្រា​​ការិយាល័យ​ទំនេរ ក្លាយជា​សញ្ញាអវិជ្ជ​មានសម្រាប់​ម្ចាស់​ដី ​និង​ក្រុមហ៊ុនអភិវឌ្ឍ​ន៍អចលនទ្រព្យ​ ព្រម​ទាំង​ភោជនីយដ្ឋាន ហាងលក់​រាយ និង​អាជីវកម្ម​តូចៗ​ផ្សេង​ទៀត​ ដែល​​អាស្រ័យ​លើ​បុគ្គលិក​ការិយាល័យ។

ជាមួយគ្នានេះ ការដាំក្បាលចុះនៃតម្រូវការជួល ​ការិយាល័យ បានធ្វើឱ្យសកម្មភាពសាងសង់ អគារការិយាល័យថ្មីៗ កើនឡើងក្នុងកម្រិតតិចតួចបំផុត គិតចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ៕ប្រភព៖CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here