ចំនួនប្រជាជននៅគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសជប៉ុននឹង ដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការព្យាករណ៍របស់រដ្ឋាភិបាល បានបង្ហាញកាលពីពេលថ្មីៗនេះថា ចំនួនប្រជាជននៅក្នុងខេត្តទាំង៤៧របស់ប្រទេសជប៉ុន លើកលែងតែទីក្រុងតូក្យូ ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះនៅឆ្នាំ២០៥០ បើធៀបនឹងកម្រិតឆ្នាំ២០២០។

ចំនួនប្រជាជននៅក្នុងខេត្តចំនួន១១ នឹងធ្លាក់ចុះជាង៣០ភាគរយដូចៗគ្នា ខណៈដែលចំនួនប្រជាជនរស់នៅក្នុង ២០%នៃទីក្រុងទាំងអស់ ត្រូវបានគេរំពឹងថា នឹងដាំក្បាលចុះជាងពាក់កណ្តាល។ នេះ​បើ​តាម​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ប្រជាជន និង​សន្តិសុខ​សង្គមនៃប្រទេសជប៉ុន។

ស្ថាប័នស្រាវជ្រាវខាងលើក៏បានអះអាងផងដែរថា ចំនួនប្រជាជនរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១៧ភាគរយមកនៅត្រឹម១០៤,៦៩លាននាក់ប៉ុណ្ណោះ នៅឆ្នាំ២០៥០ខាងមុខ។ចំពោះតំបន់មួយចំនួន ដែលមានការថយចុះនៃចំនួនប្រជាជនយ៉ាងគំហុក អាចប្រឈមមុខនឹងការលំបាក ក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងរដ្ឋបាលក្នុងតំបន់ ដោយសារតែការថយចុះនៃប្រាក់ចំណូលពន្ធ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈការដោះស្រាយការថយចុះនៃអត្រាកំណើត និងការប្រមូលផ្តុំប្រជាជន នៅទីក្រុងតូក្យូបានក្លាយជាបញ្ហាបន្ទាន់។

ជាមួយគ្នានេះ គេសង្កេតឃើញថា មានតែទីក្រុងតូក្យូមួយគត់ ដែលចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចាប់ពីឆ្នាំ២០២០ ដោយកើនឡើង២,៥% ដល់ចំនួន១៤,៤០លាននាក់។

ដោយឡែក ចំនួនប្រជាជនដែលមានអាយុ១៤ឆ្នាំ និងក្រោមនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៣០,៨% នៅទូទាំងប្រទេស ខណៈចំនួនមនុស្ស ដែលមានអាយុលើសពី៦៥ឆ្នាំ នៅក្នុង២៥ខេត្ត ត្រូវបានគេព្យាករណ៍ថា នឹងគ្របដណ្តប់លើសពី៤០% នៃចំនួនប្រជាជនសរុបរបស់ខេត្តនីមួយៗនៅត្រឹមឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here