ស្ពានឆ្លងកាត់សមុទ្រតម្លៃ២,២ពាន់លានដុល្លារ ដែលវែងជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌាបានដាក់ឱ្យដំណើរការ

0

ដោយ: គង់ លាងហួរ

ឥណ្ឌា: ក្រុមហ៊ុនសំណង់កូរ៉េ Daewoo Engineering & Construction បានបញ្ជាក់ថា ខ្លួនបានបញ្ចប់គម្រោងសាងសង់ស្ពានឆ្លងកាត់សមុទ្រដ៏វែងបំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ដែលបានសហការរួមគ្នាជាមួយក្រុមហ៊ុនឥណ្ឌា Tata Group។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអង្គារ ទី២៣ ខែមករា។
ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបញ្ចប់ការសាងសង់ស្ពាន Mumbai Trans Harbor Link ប្រវែង២១,៨គីឡូម៉ែត្រ បន្ទាប់ពីបានចាប់ផ្តើមស្ថាបនានៅឆ្នាំ២០១៨ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនសំំណង់ Tata Projects ។ យោងតាមក្រុមហ៊ុនសំណង់កូរ៉េខាងត្បូង Daewoo E&C បានបញ្ជាក់ឱ្យដឹងថា Mumbai Trans Harbor Link គឺជាស្ពានដែលវែងបំផុតនៅក្នុងប្រទេសឥណ្ឌា គិតរហូតមកទល់ពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុននេះ បានមើលការខុសត្រូវលើការសាងសង់ ការរចនា លទ្ធកម្ម និងការគ្រប់គ្រងគម្រោងកំណាត់ ស្ពានឆ្លងកាត់សមុទ្រប្រវែង៧,៨គីឡូម៉ែត្រនៃប្រវែងស្ពានសរុប និងផ្លូវបំបែកចំនួនមួយ។គម្រោងនេះចំណាយថវិកាសរុប ប្រមាណ២,២ពាន់លានដុល្លារអាមេរិក។  ស្ពាន​នេះ​មាន​សមត្ថភាព ​ផ្ទុក​យានជំនិះ​បាន៧០.០០០គ្រឿង​ក្នុង​មួយថ្ងៃ  ហើយត្រូវបានបើកសម្ពោធ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនបានអះអាងថា ជាមួយនឹងការបើកដំណើរការស្ពាននេះ ពេលវេលាធ្វើដំណើរ រវាងទីក្រុងបុមបៃ(Mumbai) និងទីក្រុងរណបក្បែរនោះ គឺទីក្រុង Navi Mumbai ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយយ៉ាងខ្លាំងពី២ម៉ោង មកនៅសល់ប្រហែល៣០នាទីប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here