ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានចាប់ផ្តើមកោះប្រជុំជាមួយមន្រ្តីពាក់ព័ន្ឋ ដើម្បីកំណត់និងសិក្សាទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
យោងតាមលិខិតរបស់ក្រសួងដែនដី ដែលចុះហត្ថលេខាដោយលោកសេង ឡូតអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអញ្ជើញលោកគង់ សោភ័ណ អភិបាលរងខេត្តកណ្តាល និងប្រធានមន្ទីររៀបចំដែនដីខេត្តនេះ មកចូលរួមប្រជុំនៅក្រសួងដែនដីនាថ្ងៃទី២៨ កុម្ភៈខាងមុខនេះ។
កម្មវត្ថុនៃលិខិតដដែលបានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នឹងបើកកិច្ចប្រជុំដូចកាលបរិច្ឆេទខាងលើ ក្រោមអធិបតីភាពលោកជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណកម្មាធិការរៀបចំទីតាំងដើ ម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ។
កាលពីថ្ងៃទី២៥ កុម្ភៈកន្លងមកនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីសម្រេចមួយ ដើម្បីបង្កើតគណកម្មាធិការរៀបចំ និងសិក្សាទីតាំងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាជាប្រធាន និងលោកម៉ៅ ហាវណ្ណាល់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអនុប្រធាន និងសមាជិកពាក់ព័ន្ឋជាច្រើនរូបទៀត៕