ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ នៅទីបំផុតអាគារមេនៃគំរោង Olympia City បានផ្លាស់ប្តូររូបរាងរបស់ខ្លួនហើយ ដោយបានរចនាថ្មីតាមស្ថាបត្យកម្មទំនើប និងស៊ីវិល័យ ដែលវានឹងជា Landmark ថ្មីមួយនៃរាជធានីភ្នំពេញ។
ប្រធានគ្រប់គ្រងគំរោង Olympia City លោក ម៉េង ចំរើន បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា អាគារមេនៃគំរោងនេះបានផ្លាស់ប្តូរចេញពីទម្រង់ដើមហើយ និងកំពស់អាគារត្រូវបន្ថយមកនៅត្រឹម ៥៣ជាន់ និងមានកំពស់សរុប ២១៣ម៉ែត្រ។ លោកបន្តថា អាគារដ៏ស្រស់ស្អាតនេះ នឹងប្រើប្រាស់ជាការិយាល័យកម្រិតផ្កាយ៥ ដែលស្របតាមស្តង់ដាអន្តរជាតិ។
លោកបន្តថា “រហូតមកទល់ពេលនេះ ការសាងសង់អាគារមេនៃគំរោងនេះសម្រេចបានកំពស់ ៧ជាន់ហើយ និងគ្រោងបញ្ចប់ការសាងសង់គ្រោងអាគារនៅចុងឆ្នាំ២០២០ ខាងមុខនេះ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ”។
ជាមួយនឹងអាគារមេនៃគំរោងដ៏ធំនេះ ក្រុមហ៊ុនក៏បាននិងកំពុងសាងសង់សណ្ឋាគារកម្រិតផ្កាយ៥ មានកំពស់ ៣៨ជាន់ផងដែរ។
Olympia City ជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវសេវាកម្មចម្រុះ ដូចជា ផ្សារទំនើប ការិយាល័យ ខុនដូ អាផាតម៉ិន រោងភាពយន្ត ក្លឹបកំសាន្ត សេវាកម្មស្ទីម ម៉ាស្សា និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះតាមស្តង់ដាអន្តរជាតិ។
លោក ម៉េង ចំរើន បានបន្តឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ការសាងសង់ Olympia City សម្រេចបានប្រមាណ ៦ភាគរយ នៃផែនការហើយ។ គំរោងនេះត្រូវបានសាងសង់លើផ្ទៃដីជាង ៦ហិកតា និងជាគំរោងដែលមានការរៀបចំប្រព័ន្ឋការពារការរញ្ជួយដីកម្រិត ៧រិចទ័រផងដែរ៕