សម្តេចធិបតីៈព្រែកជីកហ្វូណន-តេជោ នឹងបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅសមុទ្រ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។

សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង”។សម្តេចបន្ថែមថា “ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ”។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង “ព្រែកជីកហ្វូណនតេជោ” នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

រាជរដ្ឋាភិបាល បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ។

គម្រោង “ព្រែកជីកហ្វូណនតេជោ” ប្រវែង១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពាន​ចំនួន១១កន្លែង សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។

 ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើន រួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិ​កម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ “ព្រែកជីកហ្វូណនតេជោ” នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here