ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Gautam Sen ដែលជាសេដ្ឋវិទូនយោបាយមួយរូប បានលើកឡើងថា មហាសេដ្ឋីឥណ្ឌាធំៗនឹងបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់ទីក្រុងនៅក្នុងប្រទេសផ្សេង ដូចជាទីក្រុងឌូបៃ ប្រសិនបើរដ្ឋាភិបាលឥណ្ឌាប្រមូលពន្ធលើការផ្ទេរទ្រព្យសម្បត្តិ។
លោកបានពន្យល់ថា បុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងប្រទេសឥណ្ឌា ដូចជាលោក Mukesh Ambani លោក Gautam Adani និងលោក Ratan Tata អាចនឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសផ្សេង ដែលនឹងបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនសម្រាប់ប្រទេសឥណ្ឌា។
លោក Gautam Sen ដែលបានចូលនិវត្តន៍ពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ និងធ្លាប់ជាសមាជិកតុមូលឥណ្ឌូ-អង់គ្លេស និងជាទីប្រឹក្សាជាន់ខ្ពស់នៅអង្គការ UNDP បានផ្តល់មតិចំពោះសំណើអនុវត្តន៍ពន្ធលើការផ្ទេរមរតកនៅក្នុងប្រទេសឥណ្ឌា ដោយលោកប្រៀបធៀបជាមួយសហរដ្ឋអាមេរិក និងពិភាក្សាពីផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខឥណ្ឌា។
លោកបន្តថា “មហាសេដ្ឋីជាច្រើនរូបនឹងធ្វើចំណាកស្រុកពីប្រទេសឥណ្ឌាទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ តួយ៉ាង ចំនួន៧០ភាគរយនៃសេដ្ឋី ឥណ្ឌា ដែល បាន ចាកចេញ ពី ឥណ្ឌា បាន សម្រេចចិត្តទៅ រស់នៅទីក្រុង ឌូ បៃ ដោយសារតែ ទីក្រុង នេះមិនអនុវត្តន៍ពន្ធ លើ ប្រាក់ចំណូល ”។លោកបញ្ជាក់ថា “មហាសេដ្ឋីទាំងនោះនឹងចុះបញ្ជីអាជីវកម្មរបស់ពួកគេឡើងវិញនៅក្នុងប្រទេសអារ៉ាប់រួម ដែលមានន័យថា រដ្ឋាភិបាលឥណ្ឌានឹងអាចប្រមូលបានត្រឹមតែពន្ធសាជីវកម្មប៉ុណ្ណោះ ពីព្រោះអាជីវកម្មរបស់ពួកគេនឹងបន្តស្ថិតនៅក្នុងប្រទេសឥណ្ឌាដដែល”។
លោកអះអាងថា “ដូច្នេះ ប្រទេសឥណ្ឌានឹងខាតបង់ទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ ជាឧទាហរណ៍ ប្រទេសស៊ុយអែតគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលតម្រូវឱ្យប្រជាជនបង់ពន្ធខ្ពស់បំផុតនៅលើពិភពលោក។ ប៉ុន្តែ ស៊ុយអែតបានលុបចោលពន្ធលើការផ្ទេរមរតក ដោយសារអ្នកមានជាច្រើនបានភៀសខ្លួនទៅកាន់ប្រទេសផ្សេង”។
សេដ្ឋវិទូរូបនេះបន្តថា ក្រុមអ្នកមានជាច្រើនបានត្រឡប់មកវិញ កំណើនសេដ្ឋកិច្ចមានភាពប្រសើរឡើង ហើយការប្រមូលពន្ធក៏ប្រសើរឡើងផងដែរ បន្ទាប់ពីស៊ុយអែតបានសម្រេចលុបចោលពន្ធលើការផ្ទេរមរតក។ លោកបន្ថែមថា “ឥឡូវនេះ ប្រសិនបើអ្នកបង្កភាពច្របូកច្របល់បែបនេះនៅក្នុងប្រទេសឥណ្ឌា អ្នកត្រូវតែចងចាំក្នុងចិត្តថា អ្នកមិនអាចប្រមូលពន្ធដល់ថ្នាក់សូម្បីតែដីកសិកម្មបានទេ”៕ប្រភព: Rediff.com៕