តើតម្លៃខុនដូនៅក្នុងទីក្រុងសិង្ហបុរី មានស្ថានភាពប្រែប្រួល ចុះឡើងបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យដែលចងក្រងឡើង ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Research បានឱ្យដឹងថា ថ្លៃជួលខុនដូនៅប្រទេសសិង្ហបុរី ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំមុន។

នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ថ្លៃជួលខុនដូជាមធ្យមបានធ្លាក់ចុះ១,៣ភាគរយ ដែលខុសគ្នាផ្ទុយស្រឡះ ពីការកើនឡើង៤,៨ភាគរយ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ ប៉ុន្តែប្រសិនបើគិតលើមូលដ្ឋានប្រចាំត្រីមាស ថ្លៃជួលខុនដូបានធ្លាក់ចុះ១,៨% បើធៀបនឹងការធ្លាក់ចុះ១,៥% នៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ក្រុមហ៊ុន Savills បញ្ជាក់ថា ថ្លៃជួលខុនដូ ដែលមានបន្ទប់គេងចំនួន៣ នៅសង្កាត់ District 2 ដែលគ្របដណ្តប់តំបន់ Chinatown និងតំបន់ Tanjong Pagar បានធ្លាក់ចុះ១២,៣% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំមុន មកនៅត្រឹម៦.៨០០ដុល្លារក្នុង​មួយ​ខែ។

ថ្លៃជួលខុនដូនៅសង្កាត់ District 5 ដែលលាតសន្ធឹងលើតំបន់ Buona Vista តំបន់ West Coast និងតំបន់ Clementi បានធ្លាក់ចុះក្នុងអត្រាប្រចាំត្រីមាស៨,៦% មកនៅត្រឹម៥.៣០០ដុល្លារក្នុងមួយខែ។ បន្ទាប់មកគឺ ថ្លៃជួលខុនដូនៅសង្កាត់ District 3 ដែលគ្របដណ្តប់តំបន់ Alexandra និងតំបន់Commonwealth បានធ្លាក់ចុះ៦,១% មកនៅត្រឹម៦.២០០ដុល្លារក្នុងមួយខែ។

នៅទីតាំងផ្សេងទៀត ក្រុមហ៊ុន Savills កត់សម្គាល់ថា ថ្លៃជួលខុនដូនៅក្នុងសង្កាត់District1 ដែលគ្របដណ្តប់តំបន់ Boat Quay តំបន់Marina Bay និងតំបន់ Raffles Place បានធ្លាក់ចុះពី៩.០០០ដុល្លារក្នុងត្រីមាសទី៤ឆ្នាំមុន មកនៅត្រឹម៨.៥០០ដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ។

ផ្ទុយទៅវិញ ថ្លៃជួលខុនដូនៅសង្កាត់District 7 បានកើនឡើង៩,៨% ដល់៧.២៥០ដុល្លារក្នុងមួយខែ ខណៈថ្លៃ​ជួល​នៅ​ក្នុង​សង្កាត់ District 26 បាន​កើន​ឡើង៨,៥% ដល់៤.៤៥០ដុល្លារ​ក្នុង​មួយ​ខែ ហើយថ្លៃជួលនៅសង្កាត់District 11 បានកើនឡើង៨,២% ដល់៦.៦០០ដុល្លារក្នុងមួយខែ៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here