មន្ត្រីជាន់ខ្ពស់: ប្រទេសថៃអាចនឹងផ្លាស់ប្តូររាជធានីរបស់ខ្លួនពី ចេញពីទីក្រុងបាងកក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់ថៃមួយរូបអះអាងថា ប្រទេសថៃប្រហែ​លជាត្រូវពិចារណា ផ្លាស់ប្តូរទីតាំងរាជធានីបាងកក របស់ខ្លួនដោយ​សារតែការកើនឡើង នៃកម្រិតទឹកសមុទ្រ និងការជន់លិចទីក្រុងនៅពេលរដូវវស្សាចូលមកដល់។ នេះបើយោងតាមកាសែតហុងកុង South China Morning Post។

ទីក្រុង​បាងកក ដែល​បាន​កសាង​ឡើង​លើ​ផ្ទៃ​ដី ​ដែល​ធ្លាប់​ជា​ដី​ភក់​កម្ពស់​ប្រហែល១ម៉ែត្រ​កន្លះ ពី​កម្ពស់​ទឹក​សមុទ្រ ត្រូវ​គេ​រំពឹង​ថា​ នឹង​ក្លាយជា​​ទីក្រុង​ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​មួយ ​នៅ​លើ​ពិភពលោក ដូច​ទៅ​នឹង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី និង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។

លោក Pavich Kesavawong អគ្គនាយករងនៃនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ចំណុះឱ្យរដ្ឋាភិបាលថៃ បានព្រមានថា ទីក្រុងបាងកក ប្រហែលជាមិនអាចសម្របខ្លួន ជាមួយពិភពលោក ស្របពេលកំដៅបន្តហក់ឡើងដូចពេលបច្ចុប្បន្នបានទេ។

លោកបានឱ្យដឹងបន្តថា រដ្ឋបាលទីក្រុងបាងកកកំពុងរិះរកវិធានការនានា ដែលរួមមានទាំងការកសាង ជញ្ជាំងទប់ស្កាត់ទឹកជំនន់ ស្រដៀងទៅនឹងវិធីសាស្ត្រ ដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសហូឡង់។
ប៉ុន្តែ​ លោក Pavich បាន​បញ្ជាក់ថា​ “យើង​ក៏កំពុងគិត​គូរអំពី​ការ​ផ្លាស់​ប្តូររាជធានីផងដែរ ដោយ​កត់​សម្គាល់​ថា​ ការ​ពិភាក្សា​នៅ​តែ​មាន​សម្មតិកម្ម​ ហើយ​បញ្ហា​គឺ​ស្មុគស្មាញ​ណាស់​”។

លោក​បានបញ្ជាក់ថា ​ “ក្នុងមតិផ្ទាល់​ខ្លួន ខ្ញុំ​គិត​ថា​ ការប្តូររាជធានីគឺជា​ជម្រើស​ល្អ។ ដូច្នេះ​យើង​អាច​បំបែករាជធានី តំបន់​រដ្ឋាភិបាល និង​តំបន់​អាជីវកម្ម”។ លោកបន្ថែមថា “ទីក្រុង​បាងកក ​នឹងនៅតែ​ជា​រាជធានី​របស់​រដ្ឋាភិបាល ប៉ុន្តែ​យើងត្រូវ​ផ្លាស់ប្តូរ​តំបន់អាជីវកម្ម”។

ជាមួយគ្នានេះ ប្រទេស​ថៃ​កំពុង​រង​ឥទ្ធិពល ​ពីការ​ប្រែប្រួល​អាកា​ស​ធាតុ ​នៅ​ទូទាំង​វិស័យ​មួយ​ចំនួន​ រាប់ចាប់​តាំង​ពី​កសិករ​ ដែល​ជួប​ប្រទះ​នឹង​កម្ដៅ​ និង​គ្រោះ​រាំង​ស្ងួត​ រហូតដល់​អាជីវកម្ម​ទេសចរណ៍​ ដែល​រង​ផល​ប៉ះពាល់ ​ដោយ​សារការ​ប្រែ​ពណ៌​ផ្កាថ្ម​ និង​ការ​បំពុលខ្យល់អាកាស។

យ៉ាងណាមិញ លោក Pavich បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា នៃការបំពុលខ្យល់ ជាពិសេសនៅភាគខាងជើងនៃប្រទេសថៃ មិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here