ដោយ: គង់ លាងហួរ
តូក្យូ: សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងត្រីមាសទី១ ដោយសារការប្រើប្រាស់ និងតម្រូវការខាងក្រៅថយចុះ ហើយនេះជាបញ្ហាប្រឈមថ្មី សម្រាប់ធនាគារកណ្តាលជប៉ុន ដែលគ្រោងដំឡើងអត្រាការប្រាក់បន្ថែម។
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយរដ្ឋាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភានេះ បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ២% ក្នុងអំឡុងខែមករា ដល់ខែមីនា បើធៀបនឹងការព្យាករណ៍ថា នឹងធ្លាក់ចុះត្រឹមតែ១,៥ភាគរយ ប៉ុន្តែប្រសិនបើគិតមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ០,៥%នៅត្រីមាសទី១។
ការប្រើប្រាស់ឯកជន ដែលគ្របដណ្តប់ជាងពាក់កណ្តាលនៃសេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះ០,៧% បើធៀបនឹងការព្យាករណ៍ថា នឹងធ្លាក់ចុះ០,២%។ គិតត្រឹមត្រីមាសទី១ ឆ្នាំនេះ ការប្រើប្រាស់បានធ្លាក់ចុះ អស់រយៈពេល៤ត្រីមាសជាប់ៗគ្នាមកហើយ ដែលនេះជាការធ្លាក់ចុះក្នុងរយៈពេលវែងបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៩។
ចំណែកការចំណាយមូលធន ដែលជាកត្តាជំរុញដ៏សំខាន់នៃតម្រូវការឯកជនបានធ្លាក់ចុះ០,៨% នៅក្នុងត្រីមាសទីមួយ បើធៀបនឹងការរំពឹងទុកថា នឹងធ្លាក់ចុះ០,៧% បើទោះបីជាប្រាក់ចំណូលសាជីវកម្ម បានកើនឡើងយ៉ាងគំហុកយ៉ាងណាក្តី។
យ៉ាងណាមិញ លោក Yoshimasa Maruyama ប្រធានសេដ្ឋវិទូទីផ្សារនៅក្រុមហ៊ុន SMBC Nikko Securities បានលើកឡើងថា “សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះដល់បាតនៅក្នុងត្រីមាសទី១។ ដូច្នេះសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញ ក្នុងត្រីមាសទី២ ដោយសារការដំឡើងប្រាក់ឈ្នួល ទោះបីជាការប្រើប្រាស់សេវាកម្ម បន្តស្ថិតក្នុងសភាពមិនច្បាស់លាស់យ៉ាងណាក្តី”។
ទន្ទឹមនឹងនេះ ក្រុមអ្នកបង្កើតគោលនយោបាយជប៉ុន កំពុងពឹងផ្អែកលើការដំឡើងប្រាក់ឈ្នួល និងការកាត់បន្ថយពន្ធលើប្រាក់ចំណូល ចាប់ពីខែមិថុនាខាងមុខ ដើម្បីជួយជំរុញការប្រើប្រាស់របស់ប្រជាជន។
ទោះជាយ៉ាងនេះក្តី ការដាំក្បាលចុះយ៉ាងគំហុកនៃតម្លៃប្រាក់យ៉េនដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩០ បានជំរុញឱ្យមានការព្រួយបារម្ភ អំពីថ្លៃចំណាយលើការរស់នៅ ដែលកើនឡើងកាន់តែខ្ពស់ និងបង្ខំឱ្យប្រជាជនជប៉ុនកាត់បន្ថយការប្រើប្រាស់៕ប្រភព: Reuters៕