ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters បានបង្ហាញថា តម្លៃផ្ទះនៅប្រទេសចិន នឹងធ្លាក់ចុះក្នុងល្បឿនកាន់តែលឿននៅឆ្នាំនេះ ខណៈការវិនិយោគ និងការលក់អចលនទ្រព្យដាំក្បាលចុះ។
ការស្ទង់មតិនេះគឺជាការក្រើនរំលឹកមួយ ដល់ក្រុមអ្នកបង្កើតគោលនយោបាយចិន ខណៈដែលពួកគេបានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញ។
ការស្ទង់មតិថ្មីនេះបានបង្ហាញថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះ៥% ក្នុងឆ្នាំ២០២៤ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងធ្លាក់ចុះត្រឹមតែ០,៩%។ ចំណែកនៅឆ្នាំ២០២៥ តម្លៃផ្ទះនឹងស្ថិតនៅទ្រឹង បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងងើបឡើង០,៥%។
ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី១០ ខែឧសភាដល់ថ្ងៃទី១៧ ខែឧសភា ខណៈពេលដែលការប្រកាសរបស់រដ្ឋាភិបាលចិន អំពីវិធានការគាំទ្រទីផ្សារអចលនទ្រព្យ ត្រូវបានយកមកគិតពិចារណាត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ។ដើម្បីស្តារវិស័យនេះឡើងវិញ ទីក្រុងប៉េកាំងបានប្តេជ្ញាជួយសម្រួល ដល់ការផ្ដល់មូលនិធិចំនួន១ទ្រីលានយ័ន (ប្រហែល១៣៨ពាន់លានដុល្លារ) ខណៈរដ្ឋបាលក្នុងតំបន់មូលដ្ឋាន បានប្រកាសទិញអាផាតម៉ិនមួយចំនួន ដែលជាប់គាំងលក់មិនដាច់។
បើទោះបីជាយ៉ាងណាក្តី សំណួរនៅតែត្រូវបានចោទសួរឡើងជាបន្តបន្ទាប់អំពីប្រសិទ្ធិភាព នៃវិធានការថ្មីចុងក្រោយ ជាពិសេសការអនុវត្តន៍ និងរបៀបដែលរដ្ឋាភិបាលចិន អាចជួយទិញលំនៅដ្ឋានដែលលក់មិនដាច់ ក្នុងចំនួនដ៏ច្រើនលើសលប់នៅទូទាំងប្រទេស។
ចាប់តាំងពីទីផ្សារអចលនទ្រព្យ បានធ្លាក់ចូលទៅក្នុងវិបត្តិក្នុងឆ្នាំ២០២១ អាជ្ញាធរចិនបានដាក់ចេញវិធានការគាំទ្រ គោលនយោបាយរាប់មិនអស់ ដើម្បីជំរុញតម្រូវការ ប៉ុន្តែវាមានប្រសិទ្ធិភាពតិចតួចប៉ុណ្ណោះ។
ការស្ទង់មតិបានបង្ហាញបន្ថែមថា ការលក់អចលនទ្រព្យនៅប្រទេសចិន នឹងធ្លាក់ចុះ១០% ក្នុងឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ពីមុនថានឹងធ្លាក់ចុះ៥% ខណៈការវិនិយោគត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ១០% បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងធ្លាក់ចុះ៦,១%៕ប្រភព: Reuters៕