តើមូលហេតុអ្វីទើបនាំឱ្យតំបន់អាស៊ានមានបំណងលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លារនៅក្នុងការដោះដូរពាណិជ្ជកម្ម?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងខិតខំជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ដោះដូរពាណិជ្ជកម្ម និងកាត់បន្ថយប្រាក់ដុល្លារអាមេរិកក្នុងប្រតិបត្តិការឆ្លងព្រំដែន។

សមាគមអាស៊ាន​មាន​ប្រទេស​សមាជិកចំនួន១០ ហើយ​សេដ្ឋកិច្ច​របស់​តំបន់នេះ ក៏​កំពុង​មាន​ការ​អភិវឌ្ឍ​ន៍យ៉ាង​លឿន​បំផុតផងដែរ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន រួមទាំងប្លុកអាស៊ាន គ្រោងបញ្ចប់ការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។

បណ្តាប្រទេស​សមាជិកអាស៊ាន​ទាំង១០ រួម​មាន​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។

យោងតាមតួលេខចុងក្រោយ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា បច្ចុប្បន្ន GDP របស់ប្រទេសអាស៊ានទាំង១០មានទំហំទឹកប្រាក់សរុបបញ្ចូលគ្នាប្រហែល៤ទ្រីលានដុល្លារ។

ប្រសិនបើប្លុកអាស៊ាន ចាប់ផ្តើមប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកទាំងស្រុង សម្រាប់ដោះដូរពាណិជ្ជកម្ម នោះប្រាក់ដុល្លារអាមេរិកនឹងច្បាស់ជាស្ថិតក្នុងគ្រោះថ្នាក់មិនខានឡើយ។ ជាពិសេស ឥណ្ឌូនេស៊ី គឺជាប្រទេសមួយ ដែលខិតខំយ៉ាងសកម្ម ក្នុងការជំរុញបដិដុល្លារូបនីយកម្ម ខណៈលោកប្រធានាធិបតីJoko Widodo កំពុងជំរុញឱ្យប្លុកនេះងាកឱ្យបានឆាប់រហ័ស ពីប្រាក់ដុល្លារអាមេរិក ហើយចាប់ផ្តើមងាកទៅប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។

ចំណាត់ការនេះ នឹងជួយពង្រឹងសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់កិត្យានុភាពរូបិយប័ណ្ណក្នុងស្រុក របស់បណ្តាប្រទេសអាស៊ានទាំង១០ នៅក្នុងទីផ្សារប្តូរប្រាក់បរទេសទូទាំងពិភពលោក។

ជាមួយគ្នានេះ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ព្រួយបារម្ភថា ទំហំបំណុលរបស់សហរដ្ឋអាមេរិក ចំនួន៣៤,៤ទ្រីលានដុល្លារអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងអាជីវកម្មក្នុងស្រុករបស់ពួកគេ។ ដូច្នេះ ដំណោះស្រាយតែមួយគត់ ដើម្បីទប់ស្កាត់មិនឱ្យបំណុលរបស់អាមេរិក ជះផលអាក្រក់មកលើប្រទេសរបស់ខ្លួន គឺត្រូវធ្វើយ៉ាងណាឱ្យបណ្តាប្រទេសអាស៊ាន ងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។

ម្យ៉ាងទៀត ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ ទៅលើ​បណ្តាប្រទេស​កំពុង​អភិវឌ្ឍន៍​មួយចំនួន​ ក៏​ជា​មូលហេតុ​ និងជាការដាស់ តឿនដ៏សំខាន់ ដែល​ជំរុញឱ្យតំបន់អាស៊ាន​ ខិតខំកាត់បន្ថយការពឹងផ្អែកលើប្រាក់​ដុល្លារ​ផងដែរ៕ប្រភព: Watcher Guru៕

LEAVE A REPLY

Please enter your comment!
Please enter your name here