រដ្ឋាភិបាលថៃគ្រោងសាងសង់ចំណតទេសចរណ៍នៅកោះសាមុយ ដោយរំពឹងទាក់ទាញអ្នកដំណើរកាន់តែច្រើន

0

ដោយ: គង់ លាងហួរ

បាងកក: យោងតាមលោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ ចំពោះគម្រោងសាងសង់ ចំណតនាវាទេសចរណ៍ថ្មីនៅលើកោះសាមុយ។

ក្រសួងដឹកជញ្ជូនថៃគ្រោងនឹងពិនិត្យមើលលទ្ធផល នៃការសិ​ក្សា​លទ្ធភាពសាងសង់គម្រោងនេះ ក្រោមគម្រូវិនិយោគភាពជាដៃគូសាធារណៈ និងឯកជន (PPP) មុននឹងបញ្ជូនសំណើរនេះទៅគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័ត។

លោកស្រីបានបន្តថា “របាយការណ៍សិក្សា និងវិភាគទាក់ទងនឹងគំរូវិនិយោគ PPP នេះត្រូវបានធ្វើឡើងដោយនាយកដ្ឋានសមុទ្រ”។ លោកស្រីបន្តថា “បន្ទាប់ពីពិនិត្យលទ្ធផលរួច ក្រសួងនឹងស្នើគម្រោងនេះទៅក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ដើម្បីពិនិត្យ”។

លោកស្រីបញ្ជាក់ថា គម្រោងនេះអាចនឹងត្រូវបានអនុម័ត ដោ​​យគណៈរដ្ឋមន្ត្រីនៅខែកញ្ញាខាងមុខ។ ដូច្នេះ ដំណើរការនៃការជ្រើ​សរើសដៃគូឯកជនអាចចាប់ផ្តើមបាន។ បន្ទាប់ពីមក យើងនឹងធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសុខភាព (EHIA) ដោយត្រូវចំណាយពេលប្រហែល១៨ខែ។

មន្ត្រីជាន់ខ្ពស់ថៃរូបនេះ បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ការសាងសង់ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០២៩ ហើយគម្រោងនេះនឹងត្រូវបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០៣១ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post។

ទុនវិនិយោគប្រហែល៣៣៤,៣លានដុល្លារ នឹងត្រូវចាក់បញ្ចូលទៅក្នុងគម្រោងនេះ ដែលរួមមានការស្ថាបនាស្ថានីយអ្នកដំណើរទំហំ៧.២០០ម៉ែត្រការ៉េ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរបាន១.២០០នាក់ក្នុងមួយម៉ោង និងចំណតនាវាទេសចរណ៍ ដែលអាចផ្ទុកនាវាទេសចរណ៍ចំនួន២គ្រឿង ក្នុងពេលដំណាលគ្នា ដែលនាវានីមួយៗមានអ្នកដំណើរចំនួន៤.០០០នាក់។

លោកស្រី Manaporn បានបន្ថែមថា ភ្ញៀវទេសចរណ៍នៅលើនាវាត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ប្រហែល១៣៧ដុល្លារ រាល់ពេលដែលពួកគេ មកកំសាន្តនៅក្នុងប្រទេសថៃ។ គម្រោង​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នឹង​បង្កើត​នូវ​ប្រាក់​ចំណូល​សរុប​ចំនួន២៣៣,៤៨លាន​ដុល្លារ៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here