រដ្ឋមន្រ្តីយុត្តិធ៌មៈ សារការីនឹងដើរតួជំនួសតុលាការក្នុងករណីលែងលះគ្នានាពេលអនាគត

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម លោកកើត រិទ្ឋបានថ្លែងថា នៅពេលអនាគត ការលែងលះគ្នាដោយការព្រមព្រៀង ដោយគ្មានវិវាទ គឺមិនចាំបាច់ឡើងដល់តុលាការនោះទេ គឺត្រឹមតែមុខសាការីតែប៉ុណ្ណោះ។

លោកបានថ្លែងបែបនេះ ក្នុងកម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សសារការីជំនាន់ទី៤ ដំណាក់កាលវិញ្ញាសាសរសេរ សម័យប្រឡង នាថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤សប្តាហ៍មុននេះ។

ឆ្លៀតនាឱកាសនោះ លោកកើត រិទ្ធបានរំលេចថា ឆ្នាំនេះជាឆ្នាំមួយ ដែលក្រសួងនឹងសម្រេចឱ្យបាននូវច្បាប់សាការី ដែលជាច្បាប់ច្បាស់លាស់មួយ តាមការព្យាករណ៍ និងមានបន្ថែមនូវសមត្ថកិច្ចជាច្រើនថែមទៀតដល់សាការី ដែលកម្ពុជាទៅថ្ងៃក្រោយ ការលែងលះគ្នាដោយការព្រមព្រៀង ដោយគ្មានវិវាទ គឺមិនចាំបាច់ឡើងដល់តុលាការនោះទេ គឺត្រឹមតែមុខសាការីតែប៉ុណ្ណោះ ដូចនេះជំនាន់នេះ គឺជំនាន់ដែលចេញទៅវិញ ត្រូវស្ពាយទៅជាមួយនូវច្បាប់សាការីបាន ហើយជាការប្តេជ្ញាចិត្ត នៅក្នុងការរៀបចំសេចក្តីព្រៀងច្បាប់នេះ នឹងឱ្យចប់នៅក្នុងឆ្នាំនេះ និងអនុវត្តន៍ច្បាប់នេះឱ្យបាន។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ចំពោះមុខវិជ្ជាដែលបេក្ខជនទាំងអស់ ត្រូវប្រឡងមានចំនួន៤មុខវិជ្ជារួមមាន៖ មុខវិជ្ជានីតិអចលនទ្រព្យ  មុខវិជ្ជានីតិពាណិជ្ជកម្មនិងនីតិក្រុមហ៊ុន  មុខវិជ្ជានីតិកាតព្វកិច្ចនិងកិច្ចសន្យា និងមុខវិជ្ជានីតិគ្រួសារ។ ដូចនេះសូមបេក្ខជនទាំងអស់កុំអោយពេលវេលាកន្លងទៅអត់ប្រយោជន៍ និងគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយមុន និងចាប់ផ្តើមសរសេរ ព្រោះនេះជាការប្រឡងប្រកួតប្រជែង មិនមែនគ្រាន់តែប្រឡងយកតែមួយជាប់នោះទេ។

លោកបញ្ជាក់ថា “គោលការណ៍ក្នុងវិស័យយុត្តិធម៌ ទាក់ទងនិងការជ្រើសរើសមន្រ្តី ក្នុងនីតិកាលថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេច នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ ដើម្បីផ្លាស់ប្តូររបៀបរបបមួយចំនួនក្នុងការប្រឡង”។ លោកបន្ថែមថា “អ្វីដែលសំខាន់ជាងគេ គឺធានាឱ្យការប្រឡងប្រព្រឹត្តទៅ ប្រកបដោយភាពសុក្រឹតនិងយុត្តិធម៌”។

លោកកើត រិទ្ឋបានបន្តថា ក្នុងការប្រឡងនេះ ក៍មានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដែលវត្តមានពួកគាត់នាពេលនេះ គឺដើម្បីធានាបានថា កិច្ចដំណើរការប្រព្រឹត្តទៅ ស្របតាមច្បាប់បញ្ញតិ្តជាធរមាន និងដើម្បីអោយដំណើរការប្រឡងនេះ មានតម្លាភាព មានភាពសុក្រឹត្រនិងយុត្តិធម៌ ដូច្នេះចំពោះបេក្ខជនណា ដែលរកឃើញថាមានភាពមិនប្រក្រតី នៅក្នុងកិច្ចការប្រឡងនេះ និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here