ដោយៈ គង់ សូរិយា
ភ្នំពេញៈ សេដ្ឋកិច្ចវិទូកម្ពុជាមួយរូប លោកបណ្ឌិតម៉ី កល្យាណបានលើកឡើងថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គឺត្រូវមានក្រមសីលធម៌ជាចម្បងសិន។
ហេតុអ្វីសេដ្ឋកិច្ចត្រួវពាក់ព័ន្ឋជាមួយសីលធ៌ម ? លោកបណ្ឌិតម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានពន្យល់ថា បើប្រជាជនយើងមានក្រមសីលធម៌ នោះរដ្ឋាភិបាលនឹងមានភាពស្រួល ព្រោះមិនមានអ្នកចោលសំរាម បំពានចរាចរណ៍ មនុស្សមិនខ្សែលើ មិនឈ្លោះគ្នា មិនមានក្ដីក្ដាំដាក់គ្នាជាដើមនោះ នោះក៏មិនសូវមានពន្ធធនាគារ ឬរដ្ឋាភិបាលមិនបាច់ត្រូវចំណាយសាងសង់ និងគ្រប់គ្រងពន្ធធនាគារបន្ថែមជាដើម។
លោកបញ្ជាក់ថា “ព្រោះគ្រប់គ្នាធ្វើល្អទាំងអស់គ្នាហើយ បើយកលុយចំណាយធ្វើគុក មកសាងសង់សាលារៀន មន្ទីរពេទ្យ នោះនឹងល្អ”។ លោកបន្តថា “ពលរដ្ឋមានក្រមសីលធម៌ សង្គមមានការត្រូវរ៉ូវគ្នា ជារឿងល្អ”។ លោកបន្ថែមថា “ដូចនេះ សីលធម៌ គុណធម៌ គឺសំខាន់មែនទែន គឺជួយដល់សេដ្ឋកិច្ច។ ខ្ញុំអ្នកសេដ្ឋកិច្ច តែខ្ញុំយល់ថា គ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់ គឺពាក់ព័ន្ធនឹងសីលធម៌ គុណធម៌នេះឯង”។លោកបណ្ឌិតម៉ី កល្យាណ បញ្ជាក់បន្ថែមថា បើយើងមិនបំពានគ្នា យើងគោរពគ្នា យើងមិនឈ្លោះគ្នា មិនវាយប្រហារគ្នា មិនជួញដូរប្រើប្រាស់គ្រឿងញៀន មិនលួចគ្នាជាដើម នោះគឺជាការជួយសង្គម ហើយមិនបាច់ត្រូវពិបាក ឬចំណាយការពារ បង្ការអីច្រើនទេ។
ទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ វ័យជាង ៧០ឆ្នាំរូបនេះ មានប្រសាសន៍ថា ក្រមសីលធម៌មាន៣សំខាន់ គឺ ទី១ សុជីវធម៌ ទី២ សីលធម៌ និងទី៣ គុណធម៌ ដែលប្រជាពលរដ្ឋគួរឈ្វេងយល់បន្ថែមដោយខ្លួនឯង និងកុំរង់ចាំឱ្យគេប្រាប់ ដែលងាយឱ្យភ្លេចវិញ។ ពេលយល់អត្ថន័យហើយ ប្រជាពលរដ្ឋត្រូវអនុវត្តន៍ក្រមសីលធម៌ជាប្រចាំក្នុងជីវភាពរស់នៅផងដែរ៕