ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន PTT Oil & Retail Business (OR) កំពុងបោះទុនចំនួន៨ពាន់លានបាត (ប្រហែល២២៥,៩លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មនៅបរទេស ខណៈក្រុមហ៊ុនមួយនេះ ខិតខំព្យាយាមបង្កើនការប្រកួតប្រជែង នៅក្នុងទីផ្សារពិភពលោក។
លោក Disathat Panyarachun នាយកប្រតិបត្តិក្រុមហ៊ុន OR បានមានប្រសាសន៍ឱ្យដឹងថា ក្រុមហ៊ុនកំពុងផ្តោតលើការពង្រីកស្ថានីយ៍ PTT និងសាខា Café Amazon នៅក្នុងប្រទេសឡាវ កម្ពុជា វៀតណាម និងហ្វីលីពីន។
លោកបន្ថែមថា “ក្រុមហ៊ុនរកប្រាក់ចំណូល បានខ្ពស់បំផុតពីកម្ពុជា តាមពីក្រោយដោយហ្វីលីពីន និងឡាវ”។
លោកបន្តថា “OR បានវិភាជន៍ដើមទុន៨ពាន់លានបាតដើម្បីពង្រីកអាជីវកម្ម នៅក្នុងប្រទេសទាំងនេះ ក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ឬស្មើនឹងចំណែក១២ភាគរយនៃទុនវិនិយោគសរុប។ ការណ៍នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធានានូវកំណើន ប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារពិភពលោក”។
ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះប្រទេសកម្ពុជា។
លោកបានលើកឡើងថា កម្ពុជាប្រៀបដូចជា “ផ្ទះទី២”របស់យើង និងមានសក្តានុពល ក្នុងការជួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Thai Oil របស់យើង។ ក្រុមហ៊ុននេះ នឹងមានសមត្ថភាពចម្រាញ់ប្រេងចន្លោះពី២៦ម៉ឺនបារ៉ែល ដល់៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេល២ឆ្នាំខាងមុខ។
លោកDisathat បានបន្តទៀតថា “កម្ពុជាមិនមានរោងចក្រចម្រាញ់ប្រេងទេ។ ដូច្នេះ កម្ពុជាត្រូវនាំចូលប្រេងឥន្ធនៈពីក្រៅប្រទេស”។ លោកបន្ថែមថា ក្រុមហ៊ុននឹងផ្តោតលើការវិនិយោគសាងសង់ឃ្លាំងស្តុកប្រេង និងប្រេងចាក់យន្តហោះ ដើម្បីបំពេញតម្រូវការនៅកម្ពុជា។
លើសពីនេះ ក្រុមហ៊ុន OR ក៏គ្រោងបង្កើនការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រោះវិស័យលក់រាយ នៅមីយ៉ាន់ម៉ាមានសក្តានុពលខ្ពស់។ ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងកែសម្រួលយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសចិន ដោយសារតែលក្ខខណ្ឌ នៃការប្រកួតប្រជែងខ្ពស់៕ប្រភព: The Nation៕