រថភ្លើងដំបូងបង្អស់ផលិតដោយក្រុមហ៊ុនយក្សTesla បង្ហាញវត្តមានជាលើកដំបូងនៅក្រៅប្រទេស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រថភ្លើងដើរដោយថាមពលអគ្គីសនី ដំបូងបង្អស់របស់ក្រុមហ៊ុនយក្ស Tesla ឈ្មោះ “Giga Train” បានបង្ហាញវត្តមានរបស់ខ្លួន ជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់។

រថភ្លើង Giga Train បានសាកល្បងដឹកអ្នកដំណើរពីស្ថានីយ៍ Erkner ទៅកាន់ស្ថានីយ៍ Tesla Sud មានទីតាំងនៅរោងចក្រផលិតកម្មរបស់ក្រុមហ៊ុន Tesla ស្ថិតនៅចម្ងាយប្រហែល៣២គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។

បច្ចុប្បន្ន រថភ្លើងនេះអាចដឹកជញ្ជូនអ្នកដំណើរ បានចំនួន៥០០នាក់ក្នុងមួយជើង ដោយរួមមានកៅអីចំនួន១២០ កន្លែងសម្រាប់ដាក់កង់ និងប្រព័ន្ធព័ត៌មាន សម្រាប់អ្នកធ្វើដំណើរនៅលើរថភ្លើង។

រថភ្លើង Giga Train ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនបុគ្គ លិករបស់ក្រុមហ៊ុនTesla ចំនួន៤.៥០០នាក់ទៅ និងមកពីរោងចក្រ ដោយផ្អែកលើវេនធ្វើការចំនួន៣ ដោយវេននីមួយៗមានរយៈពេល៨ម៉ោង។

លោកស្រី Theresa Eggler អ្នកគ្រប់គ្រងគម្រោងនៅក្រុមហ៊ុន Tesla បានបញ្ជាក់ប្រាប់សារព័ត៌មានអាល្លឺម៉ង់ rbb24 ថា “យើងពិតជារីករាយជាពិសេស ព្រោះនៅពេលនេះ រថភ្លើង​របស់ Tesla ដើរដោយថាមពលអគ្គិសនី ស្របតាមបេសកកម្មនៃក្រុមហ៊ុនរបស់យើង ដើម្បីពន្លឿនទៅកាន់ថាមពលកកើតឡើងវិញ”។

ការដាក់ឱ្យដំណើរការរថភ្លើងអគ្គិសនី ជាជម្រើសដ៏ល្អសម្រាប់បុគ្គលិក និងសាធារណជនទូទៅ ក្នុងការប្រើប្រាស់ជម្រើសនៃការដឹកជញ្ជូនបៃតង ដើម្បីសន្សំសំចៃហ្គាស និងការថែទាំរថយន្ត និងការបំភាយឧស្ម័នជាតិពុល ពីយានយន្តផ្ទាល់ខ្លួន។

លោកស្រី Eggler បានថ្លែងប្រាប់សារពត៌មាន rbb24 បន្ថែមទៀតថា រថភ្លើងនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការបំពុលឧស្ម័នកាបូន ឌីអុកស៊ីតចំនួន៥០តោន បើប្រៀបធៀបទៅនឹងរថភ្លើងផ្សេងទៀត ហើយនេះជាជ័យជម្នះដ៏ធំមួយសម្រាប់បរិស្ថាន៕ប្រភព: Yahoo Tech៕

LEAVE A REPLY

Please enter your comment!
Please enter your name here