ប្រទេសធំៗចំនួន៣គ្រោងសហការគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅលើឋានព្រះចន្ទ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ រួមមាន ចិន ​ឥណ្ឌា និង​រុស្ស៊ី គ្រោងសហការ​គ្នា​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​​នៅ​លើ​ឋានព្រះ​ចន្ទ។នេះ​បើ​យោង​​តាម​​ការដកស្រង់ចុះ​ផ្សាយ ​ដោយសារពត៌មាន Economics Times។

គម្រោង​ប្រកបដោយមហិច្ឆិតានេះ ត្រូវ​បាន​​ដឹក​នាំ​ដោយ​​ក្រុមហ៊ុន​អវកាស​Rosatom របស់រដ្ឋាភិបាលរុស្ស៊ី ក្នុងគោលដៅ​បង្កើត​រោងចក្រ ​ថាមពល​នុយក្លេអ៊ែរ​តូច​មួយ ​​ទំហំ​០,៥​មេហ្គាវ៉ាត់ សម្រាប់​ប្រើប្រាស់​​ក្នុង​​មូលដ្ឋាន​នៅ​លើ​​ឋានព្រះ​ចន្ទ។  ​

នៅក្នុងវេទិកា Eastern Economic Forum ​​​លោក Alexey Likhachev ​​​ប្រធាន​ក្រុមហ៊ុន Rosatom បានទម្លាយ​ឱ្យដឹង​ថា ប្រទេស​ចិន និងឥណ្ឌា បង្ហាញចំណាប់អារម្មណ៍ ​​លើកិច្ច​សហការ​ជាមួយ​រុស្ស៊ី ដើម្បី​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​នៅ​លើ​​ឋានព្រះ​ចន្ទ ព្រោះនេះជា​តម្រូវ​ការ​​ផ្គត់ផ្គង់ ​ថាមពល​​ចាំបាច់​​សម្រាប់​គម្រោង​សាងសង់ ​មូលដ្ឋាន​​អចិន្ត្រៃយ៍​នៅ​ទីនោះ។

ប្រទេសឥណ្ឌា​​បាន​បង្ហាញ ​ពី​គោលបំណង​ចូលរួម​បណ្តាក់ទុនវិនិយោគ​ ព្រោះថា​​គម្រោង​នេះ ​​​មានទិសដៅស្របគ្នានឹង​គម្រោង​បេសកកម្ម​ បញ្ជូន​យាន​គ្មាន​មនុស្ស​បើក និង​គម្រោងសាងសង់​មូលដ្ឋាន​អចិន្ត្រៃយ៍ ​​​​របស់​​​ឥណ្ឌានៅលើ​ឋានព្រះ​ចន្ទ​​ត្រឹមឆ្នាំ​២០៤០​ខាង​មុខ។

ជាមួយគ្នានេះ ប្រទេសរុស្ស៊ី និង​ចិន បាន​ប្រកាស​គម្រោងសាងសង់​មូលដ្ឋាន​ នៅ​​លើ​ឋានព្រះ​ចន្ទ​រួម​គ្នា ចាប់តាំងពី​ឆ្នាំ​២០២១មក ដោយដាក់ឈ្មោះ​ថា “ស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ” International Lunar Research Station (ILRS) និងគ្រោង​​ដាក់ឱ្យប្រើប្រាស់​​ ចាប់ពី​ឆ្នាំ​២០៣៥ដល់ឆ្នាំ​២០៤៥។

កាល​ពី​ខែ​ឧសភាកន្លងទៅ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos បាន​ប្រកាស​​ថា ការងារ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​រោងចក្រ ​ថាមពល​នុយក្លេអ៊ែរ​កំពុង​ដំណើរការ ហើយ​ត្រៀម​ដំឡើង ​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ ​លើ​ឋានព្រះ​ចន្ទ​នៅ​ឆ្នាំ​២០៣៦។

ការ​ស្ថាបនារោងចក្រ​ថាមពល​នុយក្លេអ៊ែរ ​លើ​ឋានព្រះ​ចន្ទ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជួបប្រទះភាព​ស្មុគស្មាញ​ខ្លាំង។ រុស្ស៊ីបានស្នើថា ការសាងសង់ភាគច្រើន អាចត្រូវបានអនុវត្តន៍ដោ​យស្វ័យភាព ដើម្បីកាត់បន្ថយតម្រូវការ នៃការចូលរួមដោយផ្ទាល់របស់មនុស្ស៕ប្រភព: Economic Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here