តើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំតម្លៃខ្ទង់ពាន់លានដុល្លាររបស់នាយករដ្ឋមន្ត្រីថៃថ្មីមានអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ

បាងកក: លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ ទើបត្រូវបានតែងតាំងថ្មី បានប្រកាសផែនការ ប្រកប​ដោយមហិច្ឆិតា ក្នុងការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ (IRs) ចំនួ​ន៧ទីតាំងនៅទូទាំងប្រទេស។

ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីជំរុញសេដ្ឋកិច្ច និងប្រែក្លាយប្រទេសថៃ ជាគោលដៅទេសចរណ៍ពិភពលោក។

យោងតាម​ការ​ចុះ​ផ្សាយ ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃបានឱ្យដឹងថា កាស៊ីណូចំនួន៣ នឹងមានទីតាំងនៅទីក្រុងបាងកកខណៈកាស៊ីណូចំនួន៤ទៀត នឹងមានទីតាំងនៅបណ្តាខេត្ត ទេស​ចរណ៍សំខាន់ៗ។

ការអភិវឌ្ឍន៍ទីតាំងកាស៊ីណូ កម្សាន្តខ្នាតធំទាំងនេះ ជាសសរស្តម្ភ នៃផែនការស្តារសេដ្ឋកិច្ចរបស់លោកស្រី Paetongtarn ក្នុងគោលបំណង ជំរុញវិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រ​ទេស បង្កើតការងារ និងទាក់ទាញលំហូរវិនិយោគផ្ទាល់ ពីបរទេ​សចូលទៅក្នុងប្រទេសថៃ។

រមណីយដ្ឋានកាស៊ីណូថ្មី នឹងត្រូវបានរចនាឡើង ដើម្បីបង្កើនភាពទាក់ទាញ របស់ប្រទេសថៃ ចំពោះភ្ញៀវទេសចរណ៍ តាមរយៈការផ្តល់ជូន នូវបទពិសោធន៍កម្សាន្តដ៏សម្បូរបែប ដូចជាកាស៊ីណូ សណ្ឋាគារប្រណីត ផ្សារទំនើប ភោជនីយដ្ឋាន និងវប្បធម៌។

បច្ចុប្បន្ន ច្បាប់កាស៊ីណូ កំពុងឆ្លងកាត់ការវាយតម្លៃដោយគណៈរដ្ឋមន្ត្រី ខណៈការស្ថាបនា គម្រោងកាស៊ីណូចំនួន៣នៅក្នុងទីក្រុងបាងកក ទាមទារទុនវិនិយោគ អប្បបរមា១០០ពាន់លានបាត (ប្រហែល៣ពាន់លានដុល្លារអាមេរិក) ក្នុងមួយគម្រោង។

ចំណែក ការស្ថាបនាគម្រោងកាស៊ីណូ ចំនួន៤នៅតាមខេត្តទេសចរណ៍ពេញនិយម ត្រូវការដើមទុនវិនិយោគចំនួន៥០ពាន់លានបាត (ប្រហែល១,៥ពាន់លានដុល្លារអាមេរិក)ក្នុងមួយគម្រោង។

បន្ថែមពីលើរមណីយដ្ឋានកាស៊ីណូ គោលនយោបាយរ​បស់លោកស្រី Paetongtarn បានគូសបញ្ជាក់អំពីគម្រោងខ្នាតធំចំនួន២ផ្សេងទៀត ក្នុងគោលបំណងដោះស្រាយ បញ្ហាជាតិសំខាន់ៗ រួមមានគម្រោង Pearl Necklace និងគម្រោងLand Bridge ។

គម្រោង Pearl Necklace ជាគំនិតផ្តួចផ្តើម ការពារទឹកជំនន់ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញរាជធានី ដែលងាយរងគ្រោះនឹងការកើនឡើងកម្រិតទឹកសមុទ្រ។  គម្រោងនេះ រួមមានការសាងសង់ កោះសិប្បនិមិត្តចំនួន៩ តាមបណ្តោយឆ្នេរសមុទ្រប្រវែង១០០គីឡូម៉ែត្រ និងបង្កើតតំបន់ទ្រនាប់ ដើម្បីការពារទីក្រុងពីការជន់លិច។

ទន្ទឹមនឹងនេះ គម្រោង Land Bridge ជាការពង្រឹងហេដ្ឋារចនា​សម្ព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់ប្រទេសថៃ តាមរយៈការអភិវឌ្ឍ កំពង់ផែសមុទ្រទឹកជ្រៅ នៅឈូងសមុទ្រថៃ និងឆ្នេរ Andaman ។

នៅពេលសាងសង់រួចរាល់ គម្រោងLand Bridge ត្រូវបានគេរំពឹងថា នឹងជួយជំរុញពាណិជ្ជកម្ម និងការធ្វើដំណើរ ដោយបង្កើតបានផ្លូវដឹកជញ្ជូនទំនិញ និងអ្នកដំណើរកាន់តែមានប្រសិទ្ធភាព រវាងឆ្នេរសមុទ្រទាំង២ សំដៅកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹកបែបប្រពៃណី។

គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតយក្សទាំង២នេះ នឹងបំពេញបន្ថែម ឱ្យការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្នែកបរិស្ថាន និងភស្តុភារសំខាន់ៗ និងធានាថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅតែមានការប្រកួតប្រជែង និងមានភាពធន់ ក្នុងការប្រឈមមុខនឹងបញ្ហានាពេលអនាគត៕ប្រភព: Travel and Tourism World៕

LEAVE A REPLY

Please enter your comment!
Please enter your name here