តើទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ានមានស្ថានភាពបែបណាធៀបនឹងពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានសម្រេចវាយតម្លៃ បណ្តាប្រទេសអាស៊ានចំនួន៦ នៅក្នុងបញ្ជីសន្ទស្សន៍តម្លាភាព នៃទីផ្សារអចលនទ្រព្យសកល ប្រចាំឆ្នាំ២០២៤របស់ខ្លួន។

សន្ទស្សន៍នេះបានវាយតម្លៃ លើតម្លាភាពនៅក្នុងទីផ្សារអចលនទ្រព្យ ដោយច្របាច់រួមបញ្ចូលគ្នា នូវទិន្នន័យបរិមាណ និងលទ្ធផល នៃការស្ទង់មតិពីទីក្រុងចំនួន១៥១ នៅលើពិភពលោក។

ការវាយតម្លៃធ្វើឡើង ដោយផ្អែកលើកត្តាចំនួន៦ រួមមាន ការអនុវត្តដំណើរការវិនិយោគ និយតកម្ម និងច្បាប់ មូលដ្ឋានគ្រឹះទីផ្សារ ដំណើរការប្រតិបត្តិការ អភិបាលកិច្ចសាជីវកម្ម និងនិរន្តរភាព។

ក្នុងនោះ ប្រទេសសិង្ហបុរី បានជាប់ចំណាត់លេខ១៣ ប្រ​ទេ​សថៃ ទទួលបានចំណាត់ថ្នាក់លេខ៣២ ម៉ាឡេស៊ី ឈរនៅលេខរៀងទី៣៣ ឥណ្ឌូនេស៊ីបានជាប់លេខ៤០ ហ្វីលីពីនបានជាប់លេខ៤៥ ខណៈវៀតណាម បានឈរនៅលេខរៀងទី៤៩ ក្នុងចំណោមបណ្តាប្រទេស និងដែនដីចំនួន៩។

ចំណាត់ថ្នាក់ខាងលើនេះមានន័យថា ទីផ្សារអចលនទ្រព្យសិង្ហបុរី មានតម្លាភាពខ្ពស់បំផុត ធៀបនឹងប្រទេសសមាជិកអាស៊ានចំនួន៥ផ្សេងទៀត ខណៈទីផ្សារអចលនទ្រព្យវៀតណាមមានតម្លាភាពខ្ពស់បំផុតក្នុងតំបន់អាស៊ាន។

ចំណែក ប្រទេសអង់គ្លេស បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ ក្នុងនាមជាទីផ្សារអចលនទ្រព្យ មានតម្លាភាពខ្ពស់ជាងគេបំផុត លើពិភពលោក។ ផ្ទុយទៅវិញ ប្រទេសអ៊ីរ៉ាក់ និងប្រទេសអេត្យូពីបានឈរនៅបាតតារាង។

លោក Richard Bloxam នាយកប្រតិបត្តិនៃទីផ្សារមូលធននៅក្រុមហ៊ុន JLL បានអះអាងថា ស្របពេលវិនិយោគិនផ្តោតលើតម្លាភាព កាន់តែខ្លាំងឡើង លំហូរសាច់ប្រាក់ងាយស្រួលចូលទៅកាន់ទីផ្សារ ដែលមានការកំណត់តម្លៃច្បាស់លាស់ និងមូលដ្ឋានគ្រឹះដ៏រឹងមាំ នឹងស្ទុះងើបឡើងវិញខ្លាំងជាងគេ៕ប្រភព:Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here