តើតម្លៃផ្ទះនៅក្នុងប្រទេសឥណ្ឌាមានស្ថានភាពបែបណានាពេលបច្ចុប្បន្ន អនាគត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសឥណ្ឌា រំពឹងបន្តកើនឡើងជាលំដាប់ ក្នុងរយៈពេល២ឆ្នាំឬ៣ឆ្នាំខាងមុខ ដោយសារកំណើននៃតម្រូវការ អចលនទ្រព្យប្រណីត ពីវណ្ណៈអ្នកមាន ហើយតម្លៃផ្ទះជួល នឹងកើនឡើងលើសពីអត្រាអតិផរណា លើតម្លៃទំនិញប្រើប្រាស់។

ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា អត្ថប្រយោជន៍កំពុងត្រូវបានបង្វែរ ទៅកាន់មនុស្សមួយចំនួនតូចប៉ុណ្ណោះ ខណៈចំនួនអ្នកស្វែងរកការងារធ្វើរាប់លាននាក់ ជាពិសេសយុវជនកំពុងជួបផលលំបាក។ នេះបើយោងតាមសារពត៌មាន Reuters។

ការធ្លាក់ចុះនៃការផ្គត់ផ្គង់ផ្ទះ មានតម្លៃសមរម្យ និងក្រុមអ្នកមានសម្រុកទិញផ្ទះ ដោយប្រើប្រាស់សាច់ប្រាក់សុទ្ធ បាននាំឱ្យអ្នកមានបំណងទិញផ្ទះ លើកដំបូងជាច្រើនត្រូវបង្ខំចិត្តបន្តស្នាក់នៅផ្ទះជួល។

បន្ទាប់ពីកើនឡើង៤,៣% កាលពីឆ្នាំមុន តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងកើនឡើង៧,៧៥ភាគរយនៅឆ្នាំនេះ បើធៀបនឹងការព្យាករណ៍ ពីមុនចំនួន៦%។ការស្ទង់មតិនេះ មានការចូលរួមពីក្រុមអ្នកជំនាញ ទីផ្សារអចលនទ្រព្យចំនួន១៦រូប។

ចំណែកក្នុងរយៈពេលពីរឆ្នាំខាងមុខ តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងកើនឡើងពី៦% ទៅ៦,២៥%។

លោកAnuj Puri ប្រធានក្រុមហ៊ុនANAROCK Property Consultants បាននិយាយថា “តម្រូវការលំនៅដ្ឋាននៅឥណ្ឌាបានផ្អៀងយ៉ាងខ្លាំង ​ឆ្ពោះទៅរកផ្នែកលំនៅដ្ឋានប្រណីត។ និន្នាការនេះ បានធ្វើឱ្យតម្លៃផ្ទះកើនឡើងឥតឈប់ឈរ ខណៈការអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃសមរម្យនៅតែបន្តធ្លាក់ចុះ”។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Knight Frank បានឱ្យដឹងថា ជាធម្មតា បុគ្គលមានទ្រព្យសម្បត្តិសុទ្ធ ជាង៣០លានដុល្លារឡើងទៅ នៅក្នុងប្រទេសឥណ្ឌា កាន់កាប់ផ្ទះច្រើនជាង២កន្លែង ហើយចំនួន១២ភាគរយនៃពួកគេ មានគម្រោងទិញផ្ទះមួយកន្លែងផ្សេងទៀតនៅឆ្នាំនេះ។

យោងតាមគេហទំព័រអចលនទ្រព្យ Properstar បានឱ្យដឹងថា ផ្ទះទូទៅនៅប្រទេសឥណ្ឌា មានតម្លៃជាមធ្យមចំនួន១៩២.១៤៤រូពី (ប្រហែល២.២៩០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតម៉ិន មានតម្លៃជាមធ្យមចំនួន៩៨.៥៤៩រូពី (ប្រហែ​ល១១៧៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ៕ប្រភព:Reuter៕

LEAVE A REPLY

Please enter your comment!
Please enter your name here