ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រមូលបានពន្ធចំនួន១,៣ពាន់លានដុល្លារបន្ថែមទៀតពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគេចវេសពន្ធរបស់ក្រុមអ្នកមាននៅក្នុងប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចមួយនេះ។
ទីភ្នាក់ងារសេវាពន្ធអាមេរិក (IRS) និងក្រសួងហិរញ្ញវត្ថុ បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រាក់ចំណូលពន្ធខាងលើត្រូវបានប្រមូលពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៣។
យ៉ាងណាមិញ ក្រុមអ្នកមានទាំងអស់នេះពុំបានចេញសេចក្តីប្រកាស ឬបង់ពន្ធគ្រប់គ្រាន់តាមចំនួនកំណត់នោះទេ។ ប៉ុន្តែ ទំហំប្រាក់ចំណូលពន្ធខាងលើជាលទ្ធផលចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការក្លែងបន្លំពន្ធនៅសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារ IRS បានឱ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរអាមេរិកបានរឹតបន្តឹងការធ្វើសវនកម្មចំពោះបុគ្គលមានទ្រព្យសម្បត្តិលើសពី១លានដុល្លារ ឬច្រើនជាងនេះ និងបានរឹតបន្តឹងការធ្វើសវនកម្មចំពោះបុគ្គលជំពាក់ពន្ធលើសពី២៥ម៉ឺនដុល្លារ។
គិតចាប់ពីដំណាច់ចុងឆ្នាំ២០២៣មក ចំនួនជិត៨០ភាគរយនៃមហាសេដ្ឋីអាមេរិកចំនួន១.៦០០រូប ដែលមានជាប់ជំពាក់ពន្ធ បានបង់ពន្ធជូនរដ្ឋក្នុងទំហំទឹកប្រាក់ប្រមាណ១,១ពាន់លានដុល្លារ។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានអះអាងថា ប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំពន្ធ ដោយបង្ខំឱ្យបុគ្គលមានប្រាក់ចំណូលខ្ពស់ត្រូវទូទាត់សងប្រាក់ទាំងអស់ ដែលពួកគេបានធ្វើការជំពាក់។
នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ អត្រានៃការធ្វើសវនកម្មទៅលើក្រុមអ្នកមានទ្រព្យស្តុកស្តម្ភ បានដាំក្បាលចុះចំនួន៨០ភាគរយ ខណៈអត្រានៃការធ្វើសវនកម្មទៅលើប្រជាជនមានប្រាក់ចំណូលក្រោម២០ម៉ឺនដុល្លារបានកើនឡើង។
នៅឆ្នាំ២០១៩ ចំនួន១ភាគរយនៃជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិខ្ពស់បំផុត ត្រូវបានគេប៉ាន់ប្រមាណថា បានជំពាក់ពន្ធចំនួន២០ភាគរយ និងទុកឱ្យក្រុមប្រជាជនមានប្រាក់ចំណូលធម្មតាត្រូវទទួលបន្ទុកជំនួស។
លោកស្រី Yellen បានលើកឡើងថា ទីភ្នាក់ងារ IRS បាននិងកំពុងតាមដានលើអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន១២,៥ម៉ឺននាក់ ព្រោះពួកគេពុំបានដាក់ពាក្យបង់ពន្ធក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
គោលនយោបាយពន្ធកំពុងក្លាយជាចំណុចដ៏សំខាន់ ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់តែខិតជិតមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
លោកស្រី កាម៉ាឡា ហារីស បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កំពុងព្យាយាមទាក់ទាញចិត្តក្រុមអ្នកបោះឆ្នោត ដោយលើកឡើងពីផែនការកាត់បន្ថយបន្ទុកចំណាយផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក៕ប្រភព:CNN៕