ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុប Airbus គ្រោងពង្រីកការវិនិយោគនៅប្រទេសហ្វីលីពីន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុប Airbus គ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ដោយសារមើលឃើញថា ប្រទេសនេះជាទីផ្សារដ៏មានសក្តានុពល។នេះបើយោងតាមសារពត៌មាន Business World Online។

លោក Jussi Hoikka ប្រធានតំណាងក្រុមហ៊ុន Airbus ប្រចាំប្រទេសហ្វីលីពីន អះអាងថា “ប្រទេសហ្វីលីពីនជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុន Airbus។នៅខាងផ្នែកអាកាសចរណ៍ពាណិជ្ជកម្ម ចំនួនអ្នកដំណើរនៅហ្វីលីពីនមានការកើនឡើងយ៉ាងខ្លាំង”។

លើសពីនេះ លោក Hoikka បានបញ្ជាក់ថា ក្រុមហ៊ុន Airbus ក៏គ្រោងនឹងជួយពង្រឹងវិស័យការពារដែនអាកាសរបស់ប្រទេសហ្វីលីពីន ហើយក្រុមហ៊ុនកំពុងពិភាក្សាជាមួយកងទ័ពអាកាសហ្វីលីពីន ដើម្បីពង្រីកចំនួនយន្ដហោះរបស់ពួកគេ។

លោកបន្តថា“អាជីវកម្មរបស់ក្រុមហ៊ុន Airbus រួមមានទាំងការផលិតយន្តហោះពាណិជ្ជកម្ម ការការពារដែនអាកាស អវកាស និងឧទ្ធម្ភាគចក្រ។ ស្របពេលទិដ្ឋភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមានភាពស្មុគស្មាញ វាជារឿងសំខាន់ ដែលបណ្តាប្រទេសនានាដូចជា ហ្វីលីពីនត្រូវមានឧបករណ៍ដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន”។

លោកអះអាងថា ក្រុមហ៊ុន Airbus មានទំនុកចិត្តថា នឹងអាចបំពេញតម្រូវការយោធានាពេលអនាគតរបស់ហ្វីលីពីន តាមរយៈការផ្តល់បច្ចេកវិទ្យាទំនើបៗ និងយន្តហោះរបស់យើង ដើម្បីជួយកងកម្លាំងប្រដាប់អាវុធហ្វីលីពីនក្នុងការបំពេញបេសកកម្មរបស់ពួកគេដើម្បីការពារអធិបតេយ្យភាព និងធានាសុវត្ថិភាពរបស់ពលរដ្ឋហ្វីលីពីន។

ជាពិសេស ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអឺរ៉ុប Airbus ក៏កំពុងពិចារណាពង្រីករោងចក្រផលិតកម្មរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៅក្នុងរដ្ឋធានីម៉ានីល។

លោក Jussi Hoikka បានអះអាងថា “ក្រុមហ៊ុន Airbus ជាប្រភពផ្គតផ្គង់យន្តហោះដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនPhilippine Airlines និងក្រុមហ៊ុន Cebu Pacific”៕ប្រភព:Business World៕

LEAVE A REPLY

Please enter your comment!
Please enter your name here