ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសសមាជិកនៃសម្ព័ន្ធភាព BRICS បានបន្ទន់គោលជំហរនៅក្នុងការបង្កើតរូបិយបណ្ណរួម ដើម្បីដោះដូរទំនិញរវាងបណ្តាប្រទេសជាសមាជិករបស់ខ្លួន សំដៅជំនួសឥទ្ធិពលរូបិយបណ្ណដុល្លាររបស់សហរដ្ឋអាមេរិក។
ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធភាព BRICS បានលេចជារូបរាងឡើង ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។
ជាមួយគ្នានេះ បន្ទាប់ពីការឡើងកាន់អំណាចជាថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ លោកបានគំរាមដាក់ទណ្ឌកម្មប្រឆាំងប្រទេសណា ដែលជំនួសរូបិយបណ្ណដុល្លារ ដោយប្រាក់របស់ប្លុក BRICS សម្រាប់ជាមធ្យោបាយដោះដូរទំនិញ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានលើកឡើងកាលពីពេលថ្មីៗនេះថា សម្ព័ន្ធភាព BRICS មិនទាន់ពិភាក្សាអំពីការបង្កើតរូបិយបណ្ណរួមនោះទេ។ ប៉ុន្តែ សម្ព័ន្ធភាពនេះបាននិងកំពុងពិភាក្សាគ្នាអំពីការបង្កើតវេទិកាវិនិយោគរួម។
សម្ព័ន្ធភាព BRICS ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយនៅឆ្នាំ២០១១ ប្រទេសអាហ្វ្រិកខាងត្បូងបានចូលរួមជាសមាជិករបស់សម្ព័ន្ធភាពនេះ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសអេហ្ស៊ីប អេត្យូពី អុីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមបានក្លាយជាសមាជិកពេញសិទ្ធិ។ នៅថ្ងៃទី៦ខែមករា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ីក៏បានចូលរួមជាសមាជិករបស់ប្លុកនេះផងដែរ៕ប្រភព: Anadolu Agency៕