ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាប់ជាស្ថាបត្យកម្ម ដ៏មានឥទ្ធិពលរបស់ពិភពលោក ដែលផ្សព្វផ្សាយដោយCNN ដោយរចនាបទឡើងពីក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬។
លើកឡើងក្នុងកម្មវិធីមួយ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា “កន្លងមកនេះពាក់ព័ន្ធទៅនឹងកិត្ដិនាម និងសក្ដានុពល នៃអាកាសយានដ្ឋានអន្ដរជាតិតេជោថ្មីនេះ យើងដឹងស្រាប់ហើយថា ថ្មីៗនេះគឺទូរទស្សន៍CNN បានផ្សព្វផ្សាយ និងលើកសរសើរ អំពីសមទ្ធិផលនៃការសាងសង់ អាកាសយានដ្ឋាននេះ”។លោកបន្ថែមថា “យើងដឹងហើយថា ស្ថាបត្យកម្មដែលរៀបចំរចនាបទឡើង ដោយក្រុមហ៊ុន 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 មិនមែនជាការចៃដន្យនោះទេ គឺមានការចូលរួមដេញថ្លៃ សម្រាប់ឌីហ្សាញអាកាសយានដ្ឋានថ្មីនេះ”។
លោកស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា 𝐅𝐨𝐬𝐭𝐞𝐫 and 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុនភាគច្រើន តែងតែយកលំនាំតាមក្រុមហ៊ុននេះ នៅពេលដែលចេញគម្រោងនីមួយៗ។
នាពេលថ្មីៗនេះ ទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។
ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥៕