ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីបានកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីការតាមដាន និងត្រួតពិនិត្យបច្ចេកទេស និងគុណភាពនៃការជួសជុល និងថែទាំផ្លូវរបស់ក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ឯ.ក។
លោកយិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្ដីពីការតាមដានត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវរបស់ក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមែម ឯ.កដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល អភិបាលរងខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង និងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងតំណាងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ឯ.ក ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធផលការងារ និងបញ្ហាប្រឈមនៃការជួសជុល និងថែទាំផ្លូវដែលក្រុមហ៊ុនគ្លូប៊ល ហ្រ្គីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ឯ.ក ដែលកើតមានលើការដ្ឋាន។
លោករដ្ឋលេខាធិការ ប្រធានដឹកនាំកិច្ចប្រជុំ បានផ្ដល់អនុសាសន៍ណែនាំ ដល់យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ ជួសជុល ថែរទាំកំណាត់ផ្លូវ ដែលក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់បន្ថែមទៀត ពិសេសជួសជុលរាល់ការខូចខាតកំណាត់ផ្លូវបច្ចុប្បន្ន ឱ្យបានរួចរាល់មុនរដូវវស្សាឈានមកដល់ ហើយក្រុមការងារត្រួតពិនិត្យ ត្រូវបន្តពិនិត្យតាមដានលើបច្ចេកទេសនៃការអនុវត្តការងាររបស់ក្រុមហ៊ុន សំដៅទទួលបាននូវគុណភាពផ្លូវស្របទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងការណែនាំបន្ថែមពីគោលការណ៍នីតិវិធី ជួសជុល និងថែទាំផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕