សន្ទុះនៃការលក់ក្នុងទីផ្សារលំនៅដ្ឋាននៅសិង្ហបុរីបង្ហាញសញ្ញានៃការធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់លើការលក់លំនៅដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជននៅប្រទេសសិង្ហបុរីនារយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវនៅខែឧសភាចេញផ្សាយដោយក្រុមហ៊ុន Savills Singapore ។

លោក Alan Cheong នាយកប្រតិបត្តិផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Savills Singapore បានលើកឡើងថា “ខណៈសង្រ្គាមពន្ធបានបង្កើនភាពមិនច្បាស់លាស់ដល់បរិយាកាសសេដ្ឋកិច្ច អ្នកទិញផ្ទះអាចមានការប្រុងប្រយ័ត្ន មុនពេលសម្រេចចិត្តទិញផ្ទះ” ។

លោក Alan Cheong បានមានប្រសាសន៍ឱ្យដឹងបន្តថា “ការប្រុងប្រយ័ត្ននេះអាចនឹងនាំឱ្យការលក់លំនៅដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនធ្លាក់ចុះនាពេលខាងមុខ”។

-->

សន្ទុះនៃការ​លក់​នៅ​ក្នុង​ទីផ្សារ​លំនៅដ្ឋាន​ឯកជន​របស់សិង្ហបុរីបាន​ធ្លាក់​ចុះ​រួច​ទៅហើយ​ នៅមុន​ពេល​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសអត្រាពន្ធ​បដិការកាលពីខែមេសា។ តួយ៉ាង ការបើកដំណើរការលក់ផ្ទះថ្មីបានធ្លាក់ចុះ៨,៤ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈពេលដែលការលក់ផ្ទះថ្មីបានធ្លាក់ចុះ១,៣ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

ស្របពេលជាមួយគ្នានេះ ការលក់ផ្ទះប្រភេទទី២ បានថយចុះ២ត្រីមាសជាប់ៗគ្នា ដោយបានធ្លាក់ចុះ៣,២ភាគរយបន្ថែមទៀតក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ក្រុមហ៊ុន Savills បានកត់សម្គាល់ថា ស្របពេលដែលការលក់ផ្ទះថ្មី និងការលក់ផ្ទះប្រភេទទី២បានធ្លាក់ចុះ ការលក់លំនៅដ្ឋានមិនជាប់ដី (Non-landed) ក៏បានធ្លាក់ចុះជាលើកដំបូងផងដែរ បន្ទាប់ពីកើនឡើង៣ត្រីមាសជាប់ៗគ្នា។

ការទិញលំនៅដ្ឋានមិនជាប់ដី ដូចជា ខុនដូ ដោយប្រជាជនសិង្ហបុរីបានធ្លាក់ចុះ២,៦ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនមកនៅត្រឹម៥.៦៩៩យូនីតក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ ខណៈការទិញលំនៅដ្ឋានមិនជាប់ដីដោយជនបរទេសបានដាំក្បាលចុះ១៧,៦ភាគរយមកនៅត្រឹមតែ៧០យូនីតប៉ុណ្ណោះក្នុងអំឡុងពេលដូចគ្នានេះ៕ប្រភព: Edgeprop៕