ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងទីក្រុងសៀងហៃរបស់ចិនបន្តមានស្ថានភាពល្អប្រសើរ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់នៅទីក្រុងសៀងហៃនៃប្រទេសចិននៅតែមានស្ថានភាពល្អប្រសើរ ដោយសារក្រុមអ្នកមានបានចាក់បញ្ចូលដើមទុនដើម្បីទិញផ្ទះមានតម្លៃថ្លៃកប់ពពកទាំងនោះ ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចក្តី។

ជាក់ស្តែង អតិថិជនបានសម្រុកផ្ទះទាំង៦៤យូនីត ដែលម្ចាស់គម្រោងអគារ One Central Park បានដាក់លក់។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ Huangpu ចំកណ្តាលទីក្រុងសៀងហៃដោយទទួលបានប្រាក់ចំណូលសរុប៤ពាន់លានយ័ន (ប្រមាណ៥៥៦លានដុល្លារអាមេរិក)។

អគារ One Central Park ត្រូវបានបណ្តាក់ទុនវិនិយោគរួមគ្នាដោយក្រុមហ៊ុន Sunac China Holdings ក្រុមហ៊ុន Citic Group និងក្រុមហ៊ុន Xinhu Group។ គម្រោងនេះមានទីតាំងនៅក្នុងតំបន់ផ្សារ និងការកម្សាន្ត“Xintiandi”របស់ទីក្រុងសៀងហៃ។

-->

យូនីតផ្ទះល្វែងក្នុងអគារ One Central Park មានតម្លៃដាក់លក់ជាមធ្យមចំនួន១៨៥.០០០យ័នក្នុងមួយម៉ែត្រការ៉េ។ ចំណែក ផ្ទះប្រភេទ Duplex ធំជាងគេបំផុតត្រូវបានដាក់លក់ក្នុងតម្លៃជាង២៤៦.០០០យ័នក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឱ្យអគារ One Central Park ក្លាយជាអគារលំនៅដ្ឋានថ្លៃជាងគេបំផុតមួយ បើគិតពីតម្លៃលក់ចេញក្នុងមួយម៉ែត្រការ៉េ។

ការបើកដំណើរការលក់ផ្ទះកាលពី២ជុំមុននៅអគារ One Central Park ក៏បានលក់អស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងផងដែរ ខណៈប្រាក់ចំណូលពីការលក់ផ្ទះក្នុងគម្រោងនេះបានកើនឡើងលើសពី១០,៨ពាន់លានយ័នគិតមកទល់ពេលនេះ។ អគារ One Central Park បានក្លាយជាគម្រោងលំនៅដ្ឋានដំបូងគេនៅប្រទេសចិន ដែលសម្រេចបានទំហំប្រាក់ចំណូលពីការលក់ផ្ទះលើសពី១០ពាន់លានយ័នក្នុងឆ្នាំនេះ។

អ្នកអភិវឌ្ឍន៍បានអះអាងថា ខ្លួនគ្រោងនឹងចាប់ផ្តើមដាក់លក់ផ្ទះក្នុងគម្រោងអគារ One Central Park សម្រាប់ដំណាក់កាលជុំទី៤ នៅក្នុងខែមិថុនាឆាប់ៗខាងមុខ។

ការ​លក់​ផ្ទះ​ប្រណីត​បាន​បង្ហាញ​ពី​ភាព​រឹងមាំ​ប្រកបដោយនិរន្តរភាព​នៅ​ទូទាំង​ទីក្រុងសៀងហៃ។ យោងតាមក្រុមហ៊ុន Centaline Property បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅទីក្រុងសៀងហៃបានកើនឡើងក្នុងខែមេសា និងខែឧសភានេះ ដោយលើសពីមធ្យមភាគកំណើនថ្នាក់ជាតិ៕