ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើងក្នុងរយៈពេល៤ខែជាប់ៗគ្នា ដែលជំរុញដោយការកាត់បន្ថយអត្រាការប្រាក់លើកទីពីរដោយធនាគារកណ្តាលរបស់ប្រទេសនេះ ដោយធនាគារនេះគ្រោងនឹងបន្តទាញទម្លាក់អត្រាការប្រាក់បន្ថែមទៀតនៅចុងឆ្នាំនេះ។
សន្ទស្សន៍តម្លៃផ្ទះ(Home Value Index) នៅទូទាំងប្រទេសអូស្ត្រាលីបានកើនឡើង០,៥ភាគរយនៅក្នុងខែឧសភា ឆ្នាំ២០២៥ ដោយគ្រប់បណ្តាទីក្រុងធំៗសុទ្ធតែសម្រេចបានកំណើននៃតម្លៃផ្ទះ។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality។

-->
តម្លៃផ្ទះនៅទីក្រុង Darwin បានកើនឡើងខ្ពស់ជាងគេក្នុងរង្វង់១,៦ភាគរយ តាមពីក្រោយដោយតម្លៃផ្ទះនៅទីក្រុង Perth ដែលបានកើនឡើង០,៧ភាគរយ។ ចំណែក តម្លៃផ្ទះនៅទីក្រុងស៊ីដនីបានកើនឡើង០,៥ភាគរយ ខណៈតម្លៃផ្ទះនៅទីក្រុងមែលប៊ន (Melbourne)បានកើនឡើង០,៤ភាគរយកាលពីខែឧសភា។
លោក Tim Lawless នាយកស្រាវជ្រាវនៅក្រុមហ៊ុន Cotality បានលើកឡើងថា “សន្ទុះកំណើននេះត្រូវបានជំរុញដោយការកាត់បន្ថយអត្រាការប្រាក់ ដែលធនាគារកណ្តាលអូស្ត្រាលីបានទាញទម្លាក់កន្លងមក និងគ្រោងសម្រេចទាញទម្លាក់បន្ថែមទៀតនាពេលខាងមុខ”។
លោក Tim Lawless ជឿជាក់ថា “ខណៈអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអូស្ត្រាលីបានធ្លាក់ចុះសារជាថ្មីកាលពីខែឧសភា នោះយើងអាចនឹងសង្កេតឃើញឥទ្ធិពលវិជ្ជមានបន្ថែមទៀតចំពោះតម្លៃលំនៅដ្ឋានចាប់ពីខែមិថុនានេះរហូតដល់ដំណាច់ឆ្នាំ២០២៥”។

កង្វះនៃការផ្គត់ផ្គង់ជាកត្តាសំខាន់បំផុតមួយ ដែលជំរុញឱ្យមានកំណើនតម្លៃផ្ទះនៅទូទាំងប្រទេសអូស្រ្តាលី។
រដ្ឋាភិបាលដែលទើបជាប់ឆ្នោតជាថ្មីរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese បានប្តេជ្ញាចាត់វិធានការដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន តាមរយៈការបង្កើនការសាងសង់ផ្ទះបន្ថែមទៀត និងផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់អ្នកទិញផ្ទះលើកដំបូង៕
