ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់សិង្ហបុរីធំមួយកំពុងជាប់ផុង ក្នុងអន្ទាក់បំណុល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សសិង្ហបុរី City Developments Ltd. បានសម្រេចដាក់លក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន នៅក្នុងអគារការិយាល័យ ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមប្រភពដែលដឹងអំពីបញ្ហានេះ។

ការសម្រេចចិត្តនេះបានធ្វើឡើង ខណៈដែលអ្នកអភិវឌ្ឍន៍ខ្នាតយក្សមួយនេះ កំពុងព្យាយាមកាត់បន្ថយបំណុល និងស្តារនូវទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគឡើងវិញ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យCDL គ្រោងលក់ភាគហ៊ុនចំនួន៥០,១ភាគរយរបស់ខ្លួននៅក្នុងអគារ South Beach ទៅឱ្យក្រុមហ៊ុន IOI Properties Group Bhd ដែលជាម្ចាស់ភាគហ៊ុនមួយផ្នែកតូចក្នុងអគារការិយាល័យនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យម៉ាឡេស៊ី IOI Properties Group នឹងមានកម្មសិទ្ធិពេញលេញ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា។ កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើឱ្យអគារ​ South Beach មានតម្លៃប្រមាណ២,៧៥ពាន់​លាន​ដុល្លារ។

អគារSouth Beach មានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ប្រទេសសិង្ហបុរី រួមមាន ហាងលក់រាយ ការិយាល័យ៣៤ជាន់ និងសណ្ឋាគារ JW Marriott កំពស់៤៥ជាន់។

ការទិញយកភាគហ៊ុនពីក្រុមហ៊ុនCDL  នឹងបង្កើនវត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យម៉ាឡេស៊ីIOI នៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងការអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាគម្រោងអគារការិយាល័យ IOI Central Boulevard Towers ដែលទើបនឹងបើកថ្មីនៅចំកណ្តាលទីក្រុងសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here