ការសិក្សាថ្មី: ក្រុមហ៊ុនទូទាំងពិភពលោកគ្រោងនឹងពង្រីកទំហំការិយាល័យថ្មីបន្ថែមជាង១០០លានហ្វីតការ៉េ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានរកឃើញថា បណ្តាក្រុមហ៊ុនជាច្រើនលើពិភពលោកនៅតែបន្តជឿជាក់លើអនាគតទីផ្សារការិយាល័យ ទោះបីជាមានភាពមិនច្បាស់លាស់ជាសកលយ៉ាងណាក្តី។

ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យសកល Knight Frank បានធ្វើការស្ទង់មតិទៅលើថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យប្រមាណ៣០០នាក់ ដែលគ្រប់គ្រងលើអគារការិយាល័យសរុបទំហំជាង៦៥០លានហ្វីតការ៉េនៅទូទាំងពិភពលោក។

យោងតាមលទ្ធផលបង្ហាញថា ចំនួនជាង៥០ភាគរយនៃអ្នកចូលរួមការស្ទង់មតិបានអះអាងថា ពួកគេមានគម្រោងពង្រីកទំហំការិយាល័យក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ ដោយបន្ថែមទំហំការិយាល័យប្រហែល១០៤លានហ្វីតការ៉េទៅក្នុងផលបត្រ។

ផែនការពង្រីកបានកើតមានឡើង ស្របពេលក្រុមហ៊ុននានាព្យាយាមកសាងភាពធន់ ក្នុងបរិបទមួយដែលមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យា។

នៅក្នុងការស្ទង់មតិដដែលរបស់ក្រុមហ៊ុន Knight Frank អ្នកឆ្លើយសំណួរបានលើកឡើងថា “កត្តាធំបំផុតទី១ ដែលជះឥទ្ធិពលដល់ផែនការពង្រីកការិយាល័យរបស់ពួកគេក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខស្ថិតនៅត្រង់ការស្វែងរកតុល្យភាពរវាងកំណើន ការច្នៃប្រឌិត និងការគ្រប់គ្រងការចំណាយ”។

កត្តា​ធំ​បំផុតទី​២ ដែលជះឥទ្ធិពលដល់ផែនការពង្រីកការិយាល័យរបស់ពួកគេក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ ​រួមមានភាព​មិន​ប្រាកដ​ប្រជា និង​ភាព​ប្រែប្រួលនៃបរិយាកាស​អាជីវកម្ម​​។ សង្គ្រាម​ពាណិជ្ជកម្ម និង​ភាព​តានតឹង​ផ្នែក​នយោបាយ​ក៏​ជា​កង្វល់​ដ៏​ធំ​ផង​ដែរ​ ដោយ​ឈរ​នៅ​លំដាប់​ទី​៤។

បើទោះបីជាមានការព្រួយបារម្ភទាំងនេះក្តី ក្រុមហ៊ុនជាច្រើនបានជ្រើសរើសពង្រីកការិយាល័យ ជំនួសឱ្យការកាត់បន្ថយទំហំការិយាល័យ។ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិដែលមានគម្រោងពង្រីកការិយាល័យរបស់ពួកគេ ក្រុមហ៊ុនចំនួន២៧ ត្រូវបានគេរំពឹងថា នឹងបង្កើនទំហំការិយាល័យរបស់ពួកគេជាង២០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here