ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងរលកនៃនិន្នាការសកល សេដ្ឋកិច្ចកម្ពុជាក៏កំពុងប្រឈមការលំបាកផងដែរ ដោយធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករ បន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម៤.០% ក្នុងឆ្នាំនេះ។
ធនាគារនេះក៏បានបន្ទាបការព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថានភាពមិនប្រាកដប្រជាសកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា៥.៥% ក្នុងឆ្នាំ២០២៥។
ធនាគារពិភពលោក លើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា “ពុះពារ ភាពមិនប្រាកដប្រជា” ដែលមានផ្នែកផ្តោតសំខាន់មួយ ក្រោមចំណងជើងថា “ការពង្រឹងចំណូលសម្រាប់អនាគតកម្ពុជា”។
ធនាគារពិភពលោកបានឲ្យដឹងទៀតថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗ នៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រក្សាបានភាពធន់ ទោះបីជាមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។
ជាមួយគ្នានេះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែង ធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផល សម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា “ការធ្វើពិពិធកម្មសេដ្ឋកិច្ច មានសារៈសំខាន់ សម្រាប់កម្ពុជា ក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ច ឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត”។
លោកស្រីបានបន្ថែមថា កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រ ដល់ការធ្វើឱ្យបរិយាកាសអាជីវកម្ម មានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយ សម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ឋ។
របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១.៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ សេវាកម្មទេសចរណ៍បានកើនឡើង១៦.១% សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុងឆ្នាំ២០១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់ នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។
កំលាំងចលករមកពីខាងពក្រៅប្រទេសវិញ ការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពពាណិជ្ជកម្ម ដែលកំពុងកើនឡើងដែរ ដោយទុនបម្រុងបានកើនដល់២៤.៧ពាន់លានដុល្លារអាមេរិក។
កំណើនសាច់ប្រាក់កំពុងចរាចរណ៍ បានកើនឡើងដល់១៩.០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិចដល់៣.៧% ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្ម ក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រកាន់តែខ្ពស់ជាងមុន៕